Bottle.py ជាកញ្ចប់នៃក្បួនខ្នាតជាភាសា Python ដ៏មានប្រជាប្រិយភាពមួយទៀត ប្រើសំរាប់ជាជំនួយក្នុងការបង្កើតកម្មវិធីគេហទំព័រ (web application) ។ កញ្ចប់នេះមានលក្ខណៈជា microframework ដែលជាឯកសារដ៏តូចមួយ មានតែមួយទំព័រ និងមានលក្ខណៈដ៏សាមញ្ញបំផុត ដែលអាចធ្វើអោយយើងស្វែងយលពីក្បួនខ្នាតនៅក្នុងកញ្ចប់នេះ នៅក្នុងរយៈពេលមួយយ៉ាងខ្លីបំផុត បើប្រៀបធៀបទៅនឹងកញ្ចប់ផ្សេងៗទៀត។ យ៉ាងណាម៉ិញ សំរាប់អ្នកចង់រៀនសរសេរកម្មវិធីគេហទំព័រ ដោយចាប់ផ្តើមពីដើមដំបូងបំផុតនោះ កញ្ចប់ Bottle ជាជំរើសដ៏ត្រឹមត្រូវមួយសំរាប់ពួកគេ។
ជាកិច្ចចាប់ផ្តើម និងដើម្បីអោយងាយស្រួលក្នុងការចំលងយកកម្មវិធីគេហទំព័រ Bottle របស់យើងយកទៅតំលើងនៅលើ server ណាមួយនៅពេលក្រោយទៀត យើងចាំបាច់ត្រូវបង្កើត virtual environment ដាច់ដោយឡែកមួយ ដោយសរសេរនៅលើបង្អួចខ្មៅថា py -3 -m venv myenv នៅក្នុងថតដែលជាកម្មវិធីគេហទំព័ររបស់យើង គឺជាការស្រេច។
py -3 -m venv myenv
បន្ទាប់មកទៀត យើងត្រូវដំណើរការ virtual environment រូចតំលើងកញ្ចប់ Bottle ដោយធ្វើដូចខាងក្រោមនេះ៖
myenv\Scripts\activate
pip install bottle
លុះមានកញ្ចប់ Bottle នៅក្នុង virtual environment របស់យើងហើយ យើងអាចសរសេរកម្មវិធីគេហទំព័រ Bottle ដំបូងគេបំផុត ដោយធ្វើដូចខាងក្រោមនេះ៖
from bottle import route, run
@route('/')
def main():
return "Hello World!"
run(host='localhost', port=9000, debug=True, reloader=True)
ដើម្បីដំណើរការកម្មវិធីខាងលើនេះ យើងអាចបង្កើតឯកសារ bash script មួយទុកនៅក្នុងថតនៃកម្មវិធីគេហទំព័ររបស់យើង ដោយសរសេរបញ្ជានៅក្នុងនោះថា៖
call myenv\Scripts\activate
start http://localhost:9000
python main.py
បន្ទាប់មក បើយើងចុចឯកសារ bash script នោះ កម្មវិធីគេហទំព័ររបស់យើងនឹងដំណើរការ ហើយ browser នឹងត្រូវបើកឡើង ដើម្បីបង្ហាញលទ្ធផលបានមកពីកម្មវិធីគេហទំព័រនេះ៕