នៅពេលដែលគេនិយាយអំពីការបង្កើតកម្មវិធីគេហទំព័រ ដោយប្រើប្រាស់ភាសា Python គេតែងតែគិតទៅដល់កញ្ចប់ Django មុនគេ ដែលភាសាអង់គ្លេសហៅថា Django framework ។ ហើយមានការងារ freelance ជាច្រើននៅលើបណ្តាញ Internet បាននិងកំពុងស្វែងរកអ្នកមានសមត្ថភាពអភិវឌ្ឍកម្មវិធីគេហទំព័រ ដោយប្រើប្រាស់កញ្ចប់មួយនេះ។
កញ្ចប់ Django ត្រូវបានបង្កើតឡើងដោយលោក Adrian Holovaty និង លោក Simon Willison នៅពេលដែលពួកគេបំរើការងារជាអ្នកអភិវឌ្ឍកម្មវិធីគេហទំព័រ ប្រចាំគ្រឹះស្ថានសារព័ត៌មាន Lawrence Journal World newspaper នៅសហរដ្ឋអាមេរិក នៅក្នុងកំឡុងឆ្នាំ 2003 ។ ហើយពីរឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ 2005 ពួកគេបានសំរេចដាក់កញ្ចប់ Django នៅលើបណ្តាញ Internet អោយសាធារណជនទាញយកទៅប្រើប្រាស់ដោយសេរី ដែលភាសាអង់គ្លេសហៅថា open source ។
យ៉ាងណាម៉ិញ ចំណុចដ៏សំខាន់មួយរបស់កញ្ចប់ Django គឺវាស្ទើរតែមានអ្វីៗគ្រប់យ៉ាងទាំងអស់នៅក្នុងនោះ ដែលភាសាអង់គ្លេសហៅថា «Batteries included» មានដូចជាទំព័រគ្រប់គ្រង់ជាដើម ដែលអាចបង្កើតទំរង់បែបបទចេញគំរូទិន្នន័យណាមួយ ដោយស្វ័យប្រវត្តិ។ លើសពីនេះទៀត រហូតមកទល់សព្វថ្ងៃនេះ មានក្រុមហ៊ុនជាច្រើន បាននិងកំពុងប្រើប្រាស់កញ្ចប់នេះនៅក្នងកម្មវិធីគេហទំព័ររបស់ពួកគេ មានដូចជាក្រុមហ៊ុន Instagram, Spotify, Mozilla, Pinterest, Bitbucket, Disqus ជាដើម ។ល។ និង ។ល។ ៕