Prisma គឺ​ជា​កញ្ចប់​នៃ​ភាសា​ JavaScript ប្រើប្រាស់​សំរាប់ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​នឹង​មូលដ្ឋាន​ទិន្នន័យ​ស្ទើរ​គ្រប់​ប្រភេទ​ទាំងអស់ ទាំង​មូលដ្ឋាន​ទិន្នន័យ SQL មាន​ដូច​ជា MySQL, PostgreSQL, SQL Server, PlanetScale, CockroachDB និង​មូលដ្ឋាន​ទិន្នន័យ NoSQL មាន​ដូចជា MongoDB ជាដើម​។ ជារួម Prisma គឺជាភាសា​ JavaScript ម៉្យាង​​ដែល​ជា ORM (Object Relational Mapping) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អនុញ្ញាតិអោយយើង​​អាច​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​​មូលដ្ឋាន​ទិន្នន័យ​ស្ទើរ​គ្រប់​ប្រភេទ​ទាំងអស់​ ក្នុង​ការបញ្ចេញ​បញ្ចូល​ទិន្នន័យ​។ ដូចនេះ បើ​យើង​ចេះ​ភាសា Prisma មួយ​ទៀត យើង​នឹង​លែង​មាន​បញ្ហា​ក្នុង​ការភ្ជាប់​ទំនាក់ទំនងជា​មួយ​នឹង​មូលដ្ឋាន​ទិន្នន័យ​ប្រភេទ​ណា​ក៏​បាន​​ ដោយ​ប្រើ​ភាសា Prisma ​តែ​មួយ​ដូច​​​​​​​​គ្នា​។

 

ជា​ដំបូង​ យើង​ចាំបាច់​ត្រូវ​តំលើង​កញ្ចប់​ Prisma នៅ​ក្នុង​កម្មវិធី​គេហទំព័រ Astro របស់យើង ដោយ​សរសេរ​នៅ​លើ​បង្អួច Terminal ថា​៖

 

npm install prisma --save-dev

 

បន្ទាប់មកទៀត យើង​ត្រូវ​បង្កើតគំរោង Prisma មួយ​ដោយ​សរសេរ​នៅ​លើ​បង្អួច Terminal ​​​​​​​​​ថា៖

 

npx prisma init

 

ជាលទ្ធផល​ថត prisma និង​ឯកសារ .env ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ថតដើម​នៃ​កម្មវិធី​គេហទំព័រ​របស់​យើង​។ នៅ​ក្នុង​ថត prisma  យើង​ឃើញ​មានឯកសារ​មួយ​មាន​ឈ្មោះ​ថា schema.prisma ក៏​ត្រូវ​​បាន​បង្កើត​ឡើង​ដែរ​។

 

យើង​នឹង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​មូលដ្ឋាន​ទិន្នន័យ​ MongoDB ដែល​មាន​គេហទំព័រ​ជា MongoDB Atlas ។ បើ​យើង​មិន​ទាន់មាន​​គណនីជាមួយ​នឹង​​មូលដ្ឋាន​ទិន្នន័យ​នេះ​ទេ យើងអាច​​បង្កើត​គណនី​មួយ​ជាមួយ​នឹង​មូលដ្ឋាន​ទិន្នន័យ​​នេះ​ដោយ​មិន​អស់​ប្រាក់​ ដោយ​ចូល​ទៅ​កាន់​អាស័យដ្ឋាន​នេះ https://www.mongodb.com/cloud/atlas/register

 

លុះ​មាន​គណនី​មួយ​រួច​ហើយ យើង​ចាំបាច់​ត្រូវ​ចំលង​យក​ដំណរភ្ជាប់​ទៅ​កាន់​មូលដ្ឋាន​ទិន្នន័យ​នេះ។ បើ​យើង​មិន​ដឹង​ត្រូវ​ធ្វើយ៉ាង​ណា យើង​អាច​អាន​ពី​របៀប​ចំលង​យក​តំណរភ្ជាប់​ពី​គេហទំព័រ​មួយ​នេះ link to MongoDB Atlas ។ ​​​​​​​​​​​​​​​​​​យើងត្រូវ​បង្កើត​​​​អថេរ​នៃ​​តំណរភ្ជាប់​ទៅ​កាន់​មូលដ្ឋាន​ទិន្នន័យ MongoDB នៅ​ក្នុង​ឯកសារ .env ។

 

MONGO_URL="xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx"

 

តំណរភ្ជាប់​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ MongoDB យើង​មិន​ត្រូវ​បង្ហាញ​អោយ​អ្នកណា​ឃើញ​ឡើយ ព្រោះ​អ្នក​ណា​ក៏​អាច​ប្រើប្រាស់មូលដ្ឋាន​ទិន្នន័យ​របស់​យើង​បាន​ដែរ​ តាម​រយៈ​តំណរភ្ជាប់​នេះ​។ យើង​ត្រូវ​ផ្ទៀង​ផ្ទាត់​មើល​ថា តើ​នៅ​ក្នុង​ឯកសារ .gitignore ពិត​ជា​មានឈ្មោះ​ឯកសារ .env នៅ​ក្នុង​នោះ​ដែរ​ទេ​។ បើ​មាន​ហើយ តំណរភ្ជាប់​នៃ​មូលដ្ឋាន​ទិន្នន័យ​របស់​យើងនឹង​មិន​ត្រូវ​បញ្ជូន​ទៅ​ប្រព័ន្ធ GitHub ឡើយ ដែល​នៅ​ទី​នោះ អ្នក​ណា​ក៏​អាច​បើក​មើល​ឯកសារ​របស់​យើង​បាន​ដែរ បើ​សិន​ជា​ repository របស់​យើង​​មាន​លក្ខណៈ​ជា public ។

 

# build output
dist/
# generated types
.astro/

# dependencies
node_modules/

# logs
npm-debug.log*
yarn-debug.log*
yarn-error.log*
pnpm-debug.log*


# environment variables
.env
.env.production

# macOS-specific files
.DS_Store

 

ឯកសារ .gitignore ខាង​លើ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ជា​ស្វ័យប្រវត្តិ​ដោយ​កញ្ចប់ Astro នៅ​ពេល​ដែល​យើង​ដំឡើង​កញ្ចប់​នេះ។ សារសំខាន់​នៃ​ឯកសារ​នេះ គឺ​វាជា​ព័ត៌មាន​ប្រាប់​ដល់​ប្រព័ន្ធ GitHub មិន​អោយ​ចំលង​យក​ឯកសារ​ដូច​មាន​ខាង​លើ​ទៅ​ទុក​នៅ​លើ​ប្រព័ន្ធ GitHub ពីព្រោះ​ឯកសារ​ខាង​លើ​នេះ​ បើ​សិន​ជា​មាន គឺ​ត្រូវ​ប្រើប្រាស់​សំរាប់​តែ​ការអភិវឌ្ឍ​កម្មវិធី​គេហទំព័រ​នៅ​ក្នុង​កំព្យូទ័រ​ផ្ទាល់​ខ្លួន​តែប៉ុណ្ណោះ​ ហើយ​វា​ជា​ព័ត៌មានដែល​​មិន​អាច​អោយ​អ្នក​ផ្សេង​មើល​ឃើញ​​​ ឬ​គ្មាន​ប្រយោជន៍​។

 

ការភ្ជាប់​ទំនាក់ទំនង​ជា​មួយ​នឹង​មូលដ្ឋាន​ទិន្នន័យ MongoDB ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ឯកសារ schema.prisma នៅ​ក្នុង​ថត prisma ។ ពោល​គឺ​យើង​ត្រូវ​ដូរ​ឈ្មោះ​នៃ​ប្រភេទ​នៃ​មូលដ្ឋាន​ទិន្នន័យ និង​ត្រូវ​ចំលង​យក​អថេរ​នៃ​តំណរភ្ជាប់​មក​​ដាក់​នៅ​ក្នុង​ឯកសារ schema.prisma ដូច​ខាង​ក្រោម​៖

 

// This is your Prisma schema file,
// learn more about it in the docs: https://pris.ly/d/prisma-schema

generator client {
  provider = "prisma-client-js"
}

datasource db {
  provider = "mongodb"
  url      = env("MONGO_URL")
}

 

Netlify: https://khmerweb-dynamic-blog.netlify.app

GitHub: https://github.com/Sokhavuth/dynamic-blog