ជា​បឋម​ យើង​ត្រូវ​តំលើង​កញ្ចប់​ Astro និង​កញ្ចប់​ចាំបាច់​មួយ​ចំនួន​ទៀត​ដើម្បី​អោយ​កម្មវិធី​គេហទំព័រ​របស់​យើង​មាន​សមត្ថភាព​​​អាចបង្កើត​ទំព័រ HTML បាន​នៅ​លើ​ប្រព័ន្ធ​​ផ្តល់​សេវា​គេហទំព័រ​ហៅ​ថា​ server ។ ការតំលើង​កញ្ចប់ Astro ត្រូវ​ធ្វើឡើង​​នៅ​លើ​បង្អួច Terminal ដោយ​ជ្រើសរើស​យក Empty សំរាប់​តំលើង​កម្មវិធី​ទទេ​ស្អាត​មួយ និង​បដិសេដ​ការប្រើប្រាស់​ភាសា TypeScript ។

 

npm create astro@latest

 

ដើម្បី​អោយ​កម្មវិធី​គេហទំព័រ​របស់​យើង​អាច​បង្កើត​ទំព័រ HTML បាន​នៅ​លើ​ប្រព័ន្ធ​ផ្តល់​សេវា Netlify យើង​ចាំបាច់​ត្រូវ​ដំឡើងកញ្ចប់នៃ​ក្បួនខ្នាត​មួយ​ចំនួន​​ហៅ​ថា adapter សំរាប់​ប្រព័ន្ធ​នេះ​។

 

npx astro add netlify

 

ចំពោះ​ការរចនា​គេហទំព័រ យើង​អាច​ប្រើប្រាស់​កញ្ចប់ Tailwind ជំនួស​អោយភាសា CSS ដោយ​តំលើង​កញ្ចប់​នេះ​នៅ​ក្នុង​កម្មវិធី​របស់​យើង​ផ្ទាល់​។

 

npx astro add tailwind

 

ក្រោយ​ពី​តំលើង​អ្វី​ៗ​សព្វគ្រប់​អស់​ហើយ យើង​អាច​ចាប់​ផ្តើម​ដំណើរការ​កម្មវិធី​គេហទំព័រ​របស់​យើង​នៅ​ក្នុង​​បរិបទ​កំពុង​តែ​អភិវឌ្ឍ ដោយ​សរសេរ​កូដ​នៅ​លើ​បង្អួច Terminal ថា៖

 

npm run dev

 

បើ​យើង​បើក​ browser ចូល​ទៅ​អាស័យដ្ឋាន http://localhost:4321/ កម្មវិធី​គេហទំព័រ​របស់​យើង​នឹង​ផ្តល់​លទ្ធផល​ជា​ពាក្យ​ថា Astro នៅ​លើ browser ។