កន្លង​មក​ យើង​បាន​បង្កើត​ក្បួន​​មួយ​មាន​ឈ្មោះ​ថា​ displayProfit តាម​របៀប​ម៉្យាង សម្រាប់​គណនា​រក​ប្រាក់​ចំណេញ​ផ្សេង​ៗ​​។ ក៏​ប៉ុន្តែ​លើស​ពី​នេះទៀត យើង​ក៏​អាច​​បង្កើត​​ក្បួន ​displayProfit នេះ តាម​របៀប​ម៉្យាង​ទៀត​​បាន​ដែរ​​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

function displayProfit(sale,purchase){
  let profit = sale - purchase
  console.log(`The profit is ${profit}`)
}

//ការយក​ក្បួន​ឈ្មោះ displayProfit មកប្រើ
displayProfit(1000,900)

 

នៅ​លើ​បន្ទាត់​លេខ 1 ការសរសេរ​ថា function displayProfit(sale, purchase) គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​ក្បួន​មួយ​ មាន​ឈ្មោះ​ថា displayProfit ដែល​មាន​ឈ្មោះ sale និងឈ្មោះ​ purchase ជា​ឈ្មោះ​ស្ថិត​នៅ​ក្នុង​រង្វង់​ក្រចក​ នៅ​នឹង​ក្បាល​ក្បួន​។ ឈ្មោះ​ទាំងនោះ គឺ​ជា​ឈ្មោះ​ដែល​មិន​ទាន់​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​​អថេរ​ណា​ទាំងអស់ ដែល​ជា​ប្រការ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ នៅ​ខាងក្រៅ​ក្បួន​។ ឈ្មោះ​ទាំងនោះ ត្រូវ​​​ហៅ​ថា​ ដំណាង (parameter) ។

 

ដំណាង​ដែល​ជា​ឈ្មោះ​នៅ​នឹង​ក្បាល​ក្បួន ក៏​ត្រូវ​ចាត់ទុក​ថា​ស្ថិត​នៅ​ក្នុង​ក្បួន​ដែរ​។ លើស​ពី​នេះ​ទៀត ដំណាង​ទាំងនោះ ត្រូវ​បាន​យក​មក​ប្រើ​នៅ​ក្នុង​ក្បួន ធ្វើ​ហាក់ដូច​ជា​វា​ត្រូវ​បាន​ផ្តល់​តំលៃ​ជា​ទិន្នន័យ​ណា​មួយ​រួច​ទៅ​ហើយ​។ ប្រការ​នេះ​អាច​ធ្វើ​ទៅ​បាន​ ក៏​ដោយសារ​បញ្ជា​នៅ​ក្នុង​ក្បួន មិន​ទាន់​ត្រូវ​យក​ទៅ​អនុវត្ត គឺ​វា​គ្រាន់​តែ​ជា​គម្រោងការ​មួយ​តែ​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​ នៅ​ពេល​ដែល​ក្បួន​ត្រូវ​យក​ទៅ​ប្រើ​ ដែល​ជា​បញ្ជា​តម្រូវ​ឲ្យ​យក​ក្រុម​បញ្ជា​នៅ​ក្នុង​ក្បួន​ទៅ​អនុវត្ត ដំណាង​ទាំងនោះ​​ចាំបាច់​ត្រូវ​តែ​ត្រូវ​បាន​ផ្តល់តំលៃ​​ជា​ទិន្នន័យ​​​ណា​មួយ បើ​ពុំ​នោះ​សោតទេ កំហុស​នឹង​កើត​មាន​ឡើង​។

 

នៅ​លើ​បន្ទាត់​លេខ 7 ការសរសេរ​ថា displayProfit(1000, 900) គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​យក​​ក្បួន​ឈ្មោះ displayProfit មក​ប្រើ ដោយ​ផ្តល់​តំលៃ​លេខ 1000​ អោយ​ទៅ​តំណាង sale និង​តំលៃ​​លេខ 900 អោយ​ទៅដំណាង purchase ។ ដូចនេះ នៅ​ពេល​ដែល​ក្រុម​បញ្ជា​នៅ​ក្នុង​ក្បួន​នេះ​ត្រូវ​យក​ទៅ​អនុវត្ត គ្រប់​ការយក​ដំណាង sale និង​ដំណាង​ purchase ទៅ​ប្រើ គឺ​ជាការយក​លេខ 1000 និង 900 ទៅ​ប្រើ​រៀង​គ្នា​។

 

ទិន្នន័យ​និង​ឬ​អថេរ​​ដែល​យើង​ផ្តល់​ឲ្យ​ក្បួន នៅ​ពេល​យក​ក្បួន​មក​ប្រើ ត្រូវ​ហៅ​ថា ដំណឹង (argument) ដែល​អាច​ជា​ទិន្នន័យ​​និង​ឬ​អថេរ​ប្រភេទ​ណា​ក៏​បាន​ដែរ​៕