ដើម្បីអនុវត្តទ្រឹស្តីនៃចំណេះដឹងស្តីពីកញ្ចប់ Astro.js យើងសាកល្បងបង្កើតគេហទំព័រមួយសំរាប់ចុះផ្សាយវីដេអូគ្រប់ប្រភេទទាំងអស់ រួមទាំងខ្សែភាពយន្តភាគផងដែរ។ គេហទំព័រនេះនឹងប្រើប្រាស់របៀប SSG (static site generation) ដែលជារបៀបមួយប្រើប្រាស់សេវារបស់ប្រព័ន្ធផ្តល់សេវាយ៉ាងតិចបំផុត និងធ្វើអោយគេហទំព័ររបស់យើងដើរលឿននិងទទួលបានសេវាគ្មានដែនកំណត់។
ចំពោះការរក្សាទុកនូវទិន្នន័យផ្សេងៗ យើងនឹងប្រើប្រាស់ថត src/content សំរាប់រក្សាទុកនូវទិន្នន័យទាំងនោះ។ ធ្វើដូចនេះ គេហទំព័ររបស់យើងនឹងដើរកាន់តែលឿន ព្រោះវាមិនចាំបាច់ភ្ជាប់ទំនាក់ទំនងជាមួយនឹងមូលដ្ឋានទិន្នន័យនៅលើបណ្តាញណាមួយឡើយ។ ក៏ប៉ុន្តែ យើងនឹងអនុវត្តបង្កើតគេហទំព័រមួយទៀត ដោយប្រើប្រាស់របៀប SSR (server-side rendering) និងភ្ជាប់ទៅមូលដ្ឋានទិន្នន័យណាមួយនៅលើបណ្តាញ នៅពេលខាងមុខនេះ។
ជាដំបូង យើងត្រូវដំឡើងកញ្ចប់ Astro.js ដោយសរសេរនៅលើបង្អួច Terminal នៅក្នុងកម្មវិធី VS Code ថា៖
npm create astro@latest
យើងអាចដាក់ឈ្មោះថតនៃកម្មវិធីគេហទំព័ររបស់យើងថា static-blog ឬឈ្មោះណាមួយផ្សេងដែលចូលចិត្ត។ យើងនឹងប្រើប្រាស់ភាសា JavaScript ក្នុងការសរសេរកូដ ដូចនេះយើងត្រូវបដិសេដមិនប្រើភាសា TypeScript ។ ការជ្រើសរើសយក Empty ជាជំរើសដ៏ល្អក្នុងការបង្កើតកម្មវិធីគេហទំព័រចាប់ផ្តើមដោយគ្មានគំរូអ្វីទាំងអស់។ យើងត្រូវជ្រើសរើសយកតំលើងឯកសារចាំបាច់សំរាប់កម្មវិធីគេហទំព័ររបស់យើង និងបង្កើតឯកសារ git។
លុះកញ្ចប់ Astro.js ត្រូវបានដំលើងរួចហើយ យើងត្រូវបើកចូលទៅក្នុងថតនៃកម្មវិធីគេហទំព័ររបស់យើង ដែលនៅក្នុងនោះឯកសារមួយចំនួនត្រូវបានបង្កើតឡើងរួចជាស្រេច ដូចនៅក្នុងរូបខាងក្រោមនេះ៖
ដើម្បីដំណើរការកម្មវិធីគេហទំព័ររបស់យើងនៅក្នុងបរិបទកំពុងអភិវឌ្ឍន៍ (development mode) យើងត្រូវសរសេរនៅលើបង្អួច Terminal ថា៖
npm run dev
បើយើងបើក browser ចូលទៅកាន់អាស័យដ្ឋាន http://localhost:4321 យើងនឹងឃើញទំព័រដើមនៃកម្មវិធីគេហទំព័ររបស់យើងដែលនៅលើនោះមានពាក្យថា Astro ៕