នៅក្នុងចំណោមប្រព័ន្ធផ្តល់សេវាដំណើរការកម្មវិធីគេហទំព័រ Netlify ជាប្រព័ន្ធមួយដ៏មានប្រជាប្រិយភាព ដែលរហូតមកដល់សព្វថ្ងៃនេះ ប្រព័ន្ធ Netlify បាននិងកំពុងផ្តល់សេវាអោយដល់មនុស្សរាប់លាននាក់នៅជុំវិញផែនដី ក្នុងការដំណើរកម្មវិធីគេហទំព័រនៅលើបណ្តាញ។
សំរាប់សេវាមិនបង់ប្រាក់ យើងអាចយកកម្មវិធីគេហទំព័រដែលប្រើប្រាស់កញ្ចប់ Astro.js គ្រប់បែបយ៉ាងទាំងអស់ ទៅដាក់នៅលើប្រព័ន្ធ Netlify ។ ដូចនេះជាបឋម យើងចាំបាច់ត្រូវបង្កើតគណនីមួយនៅលើប្រព័ន្ធ Netlify ។ តែយើងក៏ត្រូវមានគណនីនៅលើប្រព័ន្ធ GitHub មួយទៀតដែរ នៅក្នុងការរក្សាទុកនូវឯកសារដែលជាកម្មវិធីគេហទំព័រ។ ប្រព័ន្ធ Netlify អាចទាញយកឯកសារពីប្រព័ន្ធ GitHub ជាស្វ័យប្រវត្តិ យកមកបង្កើតជាកម្មវិធីគេហទំព័រសំរេច (build) ដែលអាចដំណើរការនៅលើប្រព័ន្ធ Netlify ។
ក្រោយពីមានគណនីនៅលើប្រព័ន្ធ GitHub និង Netlify រួចមក យើងអាចបញ្ជូនឯកសារនៃកម្មវិធីគេហទំព័ររបស់យើង ទៅទុកនៅលើប្រព័ន្ធ GitHub បាន ដោយចុចរូបដែលជា Source Control នៅក្នុងកម្មវិធី VS Code ។ បន្ទាប់មក យើងត្រូវចុច commit និងសរសេរនៅលើបង្អួច COMMIT_EDITMSG ពីគោលបំណងនៃការ commit ដែលអាចជាអ្វីក៏បានដែរ ដូចជាពាក្យថា First commit ជាដើម។ នៅពេលដែល commit រូចហើយ យើងត្រូវចុច Publish Branch ដើម្បីបញ្ជូនឯកសារនៃកម្មវិធីទៅទុកនៅលើប្រព័ន្ធ GitHub ដោយជ្រើសរើសយកឈ្មោះអ្វីមួយសំរាប់ repository ថ្មីនេះ មានដូចជា static-blog ជាដើម និងចុចជ្រើសរើសយក private ឬ public សំរាប់ repository ថ្មីនេះ។
នៅលើប្រព័ន្ធ Netlify យើងអាចតំរូវអោយប្រព័ន្ធនេះទាញយកឯកសារពីប្រព័ន្ធ GitHub មកបង្កើតជាកម្មវិធីគេហទំព័រសំរេច (build) ដោយចុច Add New Site រូចចុច Import an existing project ជ្រើសរើសយក GitHub និងជ្រើសរើសយក repository ដែលជាកម្មវិធីគេហទំព័ររបស់យើងមានដូច static-blog ជាដើម។ មុននឹងចុច Deploy យើងចាំបាច់ត្រូវផ្ទៀងផ្ទាត់មើលថាតើនៅត្រង់កន្លែង Build Command ពិតជា npm run build និងនៅកន្លែង Publish directory ពិតជា dist មែនដែរឬទេ។ នៅពេលក្រោយៗមកទៀត យើងមិនចាំបាច់ធ្វើអ្វីទៀតទេ ប្រព័ន្ធ Netlify នឹងទាញយកឯកសារពីប្រព័ន្ធ GitHub ជាស្វ័យប្រវត្តិមកបង្កើតជាគេហទំព័រសំរេច នៅពេលដែលយើងធ្វើការកែប្រែផ្សេងៗនិងបញ្ជូនឯកសារទាំងនោះទៅប្រព័ន្ធ GitHub ។
នៅលើកដំបូង បន្ទាប់ពីបានបង្កើតកម្មវិធីគេហទំព័រសំរេចរួចហើយ ប្រព័ន្ធ Netlify បានកំណត់អាស័យដ្ឋានចូលទៅកាន់កម្មវិធីនោះជាស្វ័យប្រវត្តិ យើងអាចដូរអាស័យដ្ឋាននេះបាន ដោយចុចលើកម្មវិធីនេះ និងចុច Options ជ្រើសរើសយក Edit site name រួចសរសេរដូរឈ្មោះកម្មវិធីនេះតាមបំណងប្រាថ្នារបស់យើង មានជាឧទាហរណ៍ដូចជា khmerweb-static-blog ជាដើម។ បើយើងចុចអាស័យដ្ឋាននេះថ្មី កម្មវិធីគេហទំព័ររបស់យើងនឹងដំណើរការនៅលើប្រព័ន្ធ Netlify បង្ហាញជាលទ្ធផលផ្សេងៗ។ នេះជាអាស័យដ្ឋានមួយនៃកម្មវិធីគេហទំព័រ static-blog នៅលើប្រព័ន្ធ Netlify: https://khmerweb-static-blog.netlify.app ៕