SvelteKit ជាកញ្ចប់មួយប្រើសំរាប់បង្កើតកម្មវិធីគេហទំព័រគ្រប់បែបយ៉ាងដែលអាចដំណើរការនៅលើ server និងនៅក្នុង browser ។ នៅក្នុងឆ្នាំ 2022 កញ្ចប់ SvelteKit បានទទួលលំដាប់ថ្នាក់ត្រូវបានគេនិយមចូលចិត្តជាងគេ យោងតាមការស្ទង់មតិរបស់គេហទំព័រ Stack Overflow ។ លំដាប់ថ្នាក់និយមចូលចិត្តជាងគេនេះ បានមកពីភាពងាយស្រួលរៀននិងងាយស្រួលប្រើរបស់កញ្ចប់ SvelteKit ។ បានន័យថា បើយើងចេះភាសា HTML, CSS, និង ES6 ហើយ យើងអាចរៀនប្រើប្រាស់កញ្ចប់ SvelteKit យ៉ាងងាយស្រួលបំផុតដោយគ្មានបញ្ហាអ្វីឡើយ។
កញ្ចប់ SvelteKit ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ 2022 ដោយលោក Rich Harris ដែលធ្លាប់ជាអ្នកកាសែតផ្នែករូបភាពប្រចាំកាសែត The New York Times ។ កញ្ចប់ SvelteKit ឈរនៅលើមូលដ្ឋានគ្រឹះនៃកញ្ចប់ Svelte ដែលជាកញ្ចប់ប្រើប្រាស់សំរាប់បង្កើត U I (User Interface) ដែលជាទំរង់នៃផ្នែកផ្សេងៗនៅលើ browser ។ និយាយអោយចំ កញ្ចប់ SvelteKit បានធ្វើអោយកញ្ចប់ Svelte អាចត្រូវយកមកប្រើនៅលើ sever និងនៅក្នុង browser នៅក្នុងការបង្កើត UI។ ដូចនេះ កញ្ចប់ SvelteKit មានលក្ខណៈជា full stack ព្រោះវាធ្វើអោយកម្មវិធីគេហទំព័រអាចដំណើរការបានទាំងនៅលើ server ទាំងនៅក្នុង browser ។
លក្ខណៈពិសេសមួយទៀតរបស់កញ្ចប់ SvelteKit គឺវាប្រើប្រាស់ផ្នែកទន់បកប្រែ (compiler) ក្នុងការបកប្រែកូដរបស់វាជាភាសា ES6 និង CSS ដែលនឹងអាចដំណើរបាននៅក្នុងប្រព័ន្ធទាំងឡាយដែលប្រើប្រាស់កញ្ចប់ផ្សេងៗឈរលើមូលដ្ឋានគ្រឹះនៃភាសា ES6 សំរាប់ដំណើរការកម្មវិធីគេហទំព័រ មានដូចជាកញ្ចប់ Node.js, Deno.js, Bun.js និងកញ្ចប់ ES6 មួយចំនួនទៀតមាននៅលើប្រព័ន្ធ Netlify, Cloudflare, និង AWS Lambda ជាដើម។
សរុបមក ដោយប្រើប្រាស់ផ្នែកទន់បកប្រែ កម្មវិធី SvelteKit នឹងមានទំហំតូចជាងកម្មវិធីដែលប្រើប្រាស់កញ្ចប់ផ្សេងៗទៀត និងអាចដំណើរការបានលឿនជាងកម្មវិធីទាំងនោះដែលប្រើប្រាស់ Virtual DOM ជាមូលដ្ឋានគ្រឹះ។
ជាកិច្ចចាប់ផ្តើម យើងត្រូវបង្កើតគំរោងនៃកម្មវិធី SvelteKit មួយ ដោយសរសេរនៅលើបង្អួច Terminal នៅក្នុង VS Code ថា៖
npm create svelte@latest tutorial
ដើម្បីងាយស្រួលក្នុងការរៀនប្រើប្រាស់កញ្ចប់ SvelteKit យើងត្រូវបដិសេដមិនប្រើ TypeScript និង JDoc និងជ្រើសរើសយក Playwright និង Vitest សំរាប់ធ្វើការសាកល្បងពិសោធកម្មវិធីរបស់យើងថាតើវានឹងដំណើរការទៅដូចដែលអ្វីយើងបានរំពឹងទុកដែរឬទេ។ យើងនឹងសិក្សាស៊ីជំរៅពីការសាកល្បងនេះនៅពេលក្រោយទៀត។
បន្ទាប់មកទៀត យើងត្រូវដំឡើងកញ្ចប់សំខាន់ៗដែលជាមូលដ្ឋានគ្រឹះនៃគំរោងនៃកម្មវិធីរបស់យើង ដោយបើក VS Code ចូលទៅក្នុងថតនៃគំរោងនិងសរសេរនៅលើបង្អួច Terminal ថា៖
npm install
លុះអ្វីៗត្រូវបានតំឡើងចប់សព្វគ្រប់អស់ហើយ យើងអាចដំណើរការគំរោងនៃកម្មវិធី SvelteKit របស់យើងបានដោយសរសេរនៅលើបង្អួច Terminal ថា៖
npm run dev
បើសិនជាយើងបើក browser និងចូលទៅអាស័យដ្ឋាន http://localhost:5173 យើងនឹងឃើញលទ្ធផលនៃកម្មវិធីគេហទំព័ររបស់យើងត្រូវបានសរសេរនៅលើ browser ៕