នៅ​ក្នុង​យន្តការ​នៃ​ការបង្កើត​គេហទំព័រ មាន​របៀប​បី​យ៉ាង​ដែល​យើង​ត្រូវ​ជ្រើសរើស​យក​មក​ប្រើ​អាស្រ័យ​ទៅ​តាម​កាលទេស​ខុស​ៗ​គ្នា​។ របៀប​ទាំងនោះ​គឺ static site generation (SSG), server-side rendering (SSR), client-side rendering (CSR), ។ របៀប​​និមួយ​ៗ​មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​ខុសៗ​គ្នា ដែល​ទាមទារ​អោយ​យើង​ចាំបាច់​ត្រូវ​ស្គាល់​វា​អោយ​បាន​ច្បាស់ ដើម្បី​អាច​ប្រើប្រាស់​របៀប​ទាំងនោះ​អោយ​ចំ​គោលដៅ ក្នុង​គោលបំណង​ទាញ​យក​ផល​ចំណេញ​អោយ​បាន​ច្រើន​បំផុត​បើ​អាច​ធ្វើ​ទៅ​បាន​​។

 

Static site generation (SSG)

SSG គឺ​ជា​របៀប​បង្កើត​ទំព័រ​ទាំងអស់​​នៃ​គេហទំព័រ​​ទុក​ជា​មុនរូច​ជា​ស្រេច ដោយ​ខ្លួន​យើង​ផ្ទាល់​ ឬ​ដោយ​គេហទំព័រ​ផ្តល់​សេវា​ណា​មួយ (web hosting service) ។ ទំព័រ​ទាំងនោះ​ត្រូវ​បង្កើត​ឡើង​ដោយ​ប្រើប្រាស់​បញ្ជា build ដែល​យើង​នឹង​សិក្សា​ពី​បញ្ជា​នេះ​នៅ​ពេល​ខាង​មុខនេះ​។ ជា​លទ្ធផល នៅ​ពេល​ដែល​អ្នក​អាន​ចូល​មើល​គេហទំព័រ​របស់​យើង ដោយ​ចុច​ទាមទារ​ចង់​អាន​ទំព័រ​ណា​មួយ ទំព័រ​នោះ​ដែល​ត្រូវ​បង្កើត​ទុក​មុន​រួច​ជា​ស្រេច នឹង​ត្រូវ​បញ្ជូល​ទៅ​កាន់ browser របស់​អ្នក​ចូល​អាន។ ដូចនេះ គេហទំព័រ​ផ្តល់​សេវា​ដែល​គេ​និយម​ហៅ​ថា server គ្មាន​ធ្វើ​អ្វី​ក្រៅ​តែ​ពី​ការបញ្ជូន​ទំព័រ​បង្កើតទុកមុន​រួច​ជា​ស្រេច​ទាំង​នោះ​ទៅ​អោយ​អ្នក​ចូល​អាន​ឡើយ​។

 

របៀប SSG នេះ​ត្រូវ​បានគេ​និយម​យក​ទៅ​​ប្រើប្រាស់​ក្នុង​ការបង្កើតគេហទំព័រ​ផ្ទុក​ឯកសារ​និង​គេហទំព័រ​ប្លក់ ដែល​ប្រើប្រាស់​ទិន្នន័យ​កំរ​នឹងត្រូវ​​ផ្លាស់​ប្តូរ​​​។

អត្ថប្រយោជន៍​នៃការប្រើប្រាស់​របៀប SSG នេះ គឺ​វា​ធ្វើ​អោយ​គេហទំព័រ​ដើរ​លឿន​រហ័ស ពីព្រោះ​ទំព័រ​​និមួយ​ត្រូវ​បាន​បង្កើត​ឡើង​មុន​រួច​ជា​ស្រេច ដែល​ធ្វើ​អោយ​អ្នក​ចូល​អាន​ទទួល​បាន​ទំព័រ​ទាំង​នោះ​បាន​យ៉ាង​ទាន់​ចិត្ត។

 

មួយវិញទៀត ដោយ​ហេតុថា​ទំព័រ​និមួយ​ៗត្រូវ​បាន​បង្កើត​ឡើង​រួច​ជាស្រេច ហើយ​ទំព័រ​ទាំងនោះ​នឹង​មិន​ត្រូវ​បាន​កែប្រែ​ក្រោម​ហេតុផល​ណា​មួយ​ឡើយ ដូចនេះសុវត្ថិភាព​សំរាប់​ទំព័រ​ទាំងនោះ​ត្រូវ​បាន​លើក​ស្ទួយ​ក្នុង​កំរឹត​មួយ​ខ្ពស់ ទប់ទល់​នឹង​ជន​ខិលខូចមួយ​ចំនួន​ ​ដែល​មានបំណង​ចង់​កែប្រែទិន្នន័យ​នៅ​ក្នុង​ទំព័រ​ទាំងនោះ​​ដោយ​មធ្យោបាយ​ជា​យថាហេតុ​ណា​មួយ​។

 

ចំណុច​សំខាន់​មួយ​ទៀត គឺ​ថា​គេហទំព័រ​ផ្តល់​សេវា​ឬ server មិន​សូវ​ជា​ធ្វើការ​ច្រើន​នោះ​ទេ ក្នុង​ការផ្តល់​ទំព័រ​ទាំងនោះ​អោយ​ដល់​អ្នក​ចូល​អាន​។ ជាលទ្ធផល ការចំណាយ​ទៅ​លើ​សេវា​បំរើ​របស់​ server ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងត្រូវ​កាត់​បន្ថយ​។

 

ចំណែក​ឯ​គុណវិបត្តិ​នៃការប្រើប្រាស់​របៀប SSG វិញ គឺវា​ត្រូវ​ការ​ពេល​វេលា​យូរ​បន្តិច​ក្នុង​ការបង្កើត​ទំព័រ​ទាំងអស់​នៅ​ពេល build ហើយ​បើ​គេហទំព័រ​របស់​យើង​ត្រូវការ​ទំព័រ​កាន់​តែ​ច្រើន ពេល​វេលា​នឹង​កាន់​តែ​យូរ​ក្នុង​ការបង្កើត​ទំព័រ​ទាំង​នោះ។ លើស​ពី​នេះ​ទៀត ក្នុង​ករណី​យើង​ចង់​បន្ថែម​ទំព័រ​ថ្មី ឬ​ដោះ​ដូរ​ទិន្នន័យ​របស់​ទំព័រ​ណា​មួយ យើងចាំបាច់​ត្រូវ​បង្កើត​ទំព័រ​ទាំងអស់​​សារ​ជា​ថ្មី​ឡើង​វិញ​ (rebuild)។ 

 

Server-side rendering (SSR)

 

SSR គឺ​ជា​របៀប​បង្កើត​ទំព័រ​ផ្សេង​ៗ​នៅ​លើ server ដោយ​អនុលោម​ទៅ​តាម​កម្មវិធីរបស់​យើង​សំរាប់​ទំព័រ​ទាំងនោះ​។ ជាក់ស្តែង បណ្តា​ទំព័រ​ទាំងឡាយ​មិន​ត្រូវ​បាន​បង្កើត​ឡើង​ទុក​ជាមុន​ឡើយ ពោល​គឺទំព័រ​ណា​មួយ​នឹង​ត្រូវ​បង្កើតឡើង​ភ្លាម​ៗ​នៅ​លើ​ sever អាស្រ័យ​ទៅ​តាម​ការទាមទារ​របស់​អ្នក​ចូល​អាន​។ ដូចនេះ​ server ​ត្រូវ​បំរើ​សេវា​បង្កើត​ទំព័រ​ផង និង​សេវា​បញ្ចូន​ទំព័រ​ទៅ​អោយ​អាន​ផង​។ 

 

ការបង្កើត​ទំព័រ​តាម​របៀប SSR នេះ​ត្រូវ​បាន​អនុវត្តដោយ​កម្មវិធី​ជា​ច្រើន​តាំង​ពី​រាប់​ទសវត្ស​មក​ហើយ ដូច​ជា​កម្មវិធី WordPress, Django, Ruby on Rail ជាដើម​។

 

ជាទូទៅ របៀប SSR ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះត្រូវ​យក​ទៅ​ប្រើប្រាស់​ជាមួយ​នឹង​មូលដ្ឋាន​ទិន្នន័យ ហើយ​នៅ​ពេល​បង្កើត​ទំព័រ​ប្រភេទ​ណា​មួយ server តែងតែ​ដក​ស្រង់​យក​ទិន្នន័យ​ពី​ក្នុង​មូលដ្ឋានទិន្នន័យ មក​រៀបរៀងបង្កើត​ទំព័រ​នោះ​ឡើង​ យោង​ទៅ​តាម​កម្មវិធី​ដែល​ត្រូវ​បាន​តាក់តែង​ឡើង​​សំរាប់​ទំព័រ​នោះ​។

គុណ​សម្បត្តិ​នៃ​ការប្រើប្រាស់របៀប SSR គឺ​វា​ផ្តល់ភាព​ងាយស្រួល​ក្នុង​ការផ្លាស់​ប្តូរ​ទិន្នន័យ​នៅ​ក្នុង​ទំព័រ​ទាំងឡាយ ពីព្រោះ​បើ​យើង​កែប្រែទិន្នន័យ​នៅ​ក្នុង​ទំព័រ​ណាមួយ ទិន្នន័យ​ថ្មី​នោះ​នឹង​លេច​ចេញ​នៅ​ក្នុង​ទំព័រ​នោះ​ភ្លាមៗ​។ មូលហេតុ​នេះ​គឺ​បណ្តាល​មក​ពី​ server នឹង​ស្រង់​យក​ទិន្នន័យ​ដែល​ត្រូវ​បាន​កែប្រែ​នោះ មក​បង្កើត​ជា​ទំព័រ​ដែល​អ្នក​អាន​ទាមទារ។ ហើយ​ការស្រង់​យក​ទិន្នន័យ​ដដែល​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​រាល់​លើកដែល​អ្នក​អានទាមទារ​ទំព័រ​​ទាក់ទង​នឹង​ទិន្នន័យ​នោះ​។

 

ក៏ប៉ុន្តែ កត្តា​ខាង​លើ​នេះវា​​ក៏​ផ្តល់​នូវ​ផល​អវិជ្ជមាន​ផង​ដែរ ពីព្រោះ​វា​នឹង​ធ្វើ​អោយ server ធ្វើការ​ច្រើន​លើក​ច្រើន​សារក្នុងការ​ស្រង់​យក​ទិន្នន័យ​មក​បង្កើត​​ជា​ទំព័រ​ដែលអ្នក​អាន​ទាមទារ ទោះ​ជា​ការទាមទារ​នោះ​ធ្វើ​ឡើង​ចំពោះ​ទំព័រ​ដដែល​ៗ​យ៉ាង​ណា​ក៏​ដោយ​។

 

Client-side rendering (CSR)

 

CSR គឺ​ជា​របៀប​បង្កើតទំព័រ​ផ្សេង​ៗ​នៅ​ក្នុង​ browser របស់​អ្នក​អាន។ បាន​ន័យ​ថា នៅ​ពេល​ដែល​អ្នក​អាន​ទាមទារ​ទំព័រ​ណា​មួយ server នឹង​បញ្ជូន​កូដ​ចាំបាច់សំរាប់​បង្កើត​ទំព័រ​នោះ​ទៅ​កាន់ browser របស់​អ្នក​អាន​ ហើយ​ទំព័រ​នោះ​នឹង​ត្រូវ​បង្កើត​ឡើងនៅ​ក្នុង​ browser នោះ។ ក្នុង​ករណី​ដែល​ទំព័រ​នោះ​ត្រូវការ​នូវ​ទិន្នន័យ​ចាំបាច់​ផ្សេង​ៗទៀត browser នឹង​ស្នើរ​សុំ​ទៅ server ម្តង​ទៀត អោយ​ស្រង់​យក​ទិន្នន័យ​ទាំងនោះ​ផ្តល់​អោយ​ទៅ​ទំព័រ​។

គុណសម្បត្តិ​នៃ​ការប្រើប្រាស់របៀប CSR គឺ​វា​ជួយ​បន្ធូរ​បន្ទុក​របស់​ server ក្នុង​ការបង្កើត​ទំព័រ​សំរាប់​អ្នក​អាន ពីព្រោះ​ទំព័រ​ទាំងឡាយ​នឹង​ត្រូវបង្កើត​ឡើង​ដោយ browser របស់​អ្នក​អាន​ផ្ទាល់​តែ​ម្តង ហើយ​ដែល​នឹង​ត្រូវ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​នៅ​ក្នុង​កំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​អ្នក​អាន។

 

មួយវិញទៀត របៀប CSR ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការបង្កើត​កម្មវិធីគេហទំព័រ​មាន​តែ​មួយ​ទំព័រ (Single Page Application or SPA) ដែល​ធ្វើ​អោយ​កម្មវិធី​នេះ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹងកម្មវិធី​សំរាប់ desktop ទាំងឡាយ​។​

 

ក៏ប៉ុន្តែ របៀប CSR ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះមិន​បាន​ជួយ​សំរួល​ដល់​កម្មវិធី​ស្វែងរក​​ទាំងឡាយ​ឡើយ (search engine) ព្រោះ​កម្មវិធី​ទាំងនោះចាំបាច់​ត្រូវ​ត្រួត​ពិនិត្យ​ព័ត៌មាន​​មាន​នៅ​ក្នុង​ទំព័រ​ផ្សេង​ៗ នៅ​ពេល​ដែល​ទំព័រ​ទាំង​នោះ​ត្រូវ​បញ្ជូនចេញ​ពី​ server ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ហើយ​ដោយ​ហេតុ​ថា ការប្រើប្រាស់​របៀប CSR នឹង​ធ្វើ​អោយ​ទំព័រ​ទាំងឡាយ​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ browser ដូចនេះ​ ទំព័រ​ទាំងនោះ​នឹង​មិន​អាច​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​កម្មវិធីស្វែង​រក​ឡើយ​។

ផ្ទុយ​មក​វិញ របៀប SSR និង SSG ជួយ​សំរួល​ជា​ច្រើន​ដល់​កម្មវិធី​ស្វែង​រក (SEO) ពីព្រោះ​តាម​រយៈ​របៀប​ទាំង​ពីរ​នេះ ទំព័រ​ទាំងឡាយ​ត្រូវ​បាន​បង្កើត​ឡើង​រួច​ជា​ស្រេចនៅ​លើ​ server មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់ browser ។ ដូចនេះ កម្មវិធី​ស្វែងរក​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការត្រួត​ពិនិត្យព័ត៌មាន​ដែល​មាន​នៅ​ក្នុង​ទំព័រ​ទាំងនោះ​។

 

ជាទូទៅ ការបំរើ​សេវា​របស់ server ត្រូវ​កំណត់​នៅ​ក្នុង​កំរឹត​ណា​មួយ ឬ​ត្រូវ​គិត​លុយ​ទៅ​តាម​ការបំរើ​សេវា​របស់វា​។ បើ​កម្មវិធី​គេហទំព័រ​របស់​យើង​តំរូវ​អោយ server បំរើ​សេវា​កាន់​តែ​ច្រើន យើង​ក៏​ត្រូវ​ចំណាយ​ប្រាក់​កាន់​ច្រើន​​ក្នុង​ការបង់​សេវា​របស់​ server ដែរ។ ដូចនេះ​ យើង​ចាំបាច់​ត្រូ​វ​ជ្រើសរើស​យក​របៀប​ឬ​គំរូ​​បង្កើត​ទំព័រយ៉ាង​សមស្រប ដើម្បី​ជៀសវាង​ការចំណាយ​ប្រាក់​ឥត​ប្រយោជន៍​។ របៀប SSG ​​​​​​​​​​​​​​​​​​​​​​​​​​​​ជាគំរូ​ដ៏​ល្អក្នុងការ​បង្កើត​ទំព័រ​ដែល​ជួយ​សំរួល​ដល់កម្មវិធី​ស្វែងរក (SEO) និង​ធ្វើ​គេហទំព័រដើរ​លឿន​ និង​ជួយ​កាត់​បន្ថយ​ការចំណាយ​ទៅ​លើ​​សេវា​របស់​ server បាន​យ៉ាង​ច្រើន៕