កញ្ចប់ Astro.js អនុញ្ញាតិ​អោយ​យើង​​អាច​បង្កើត​គេហទំព័រ​ដ៏​ពេញ​លេញ​ ទាំង​ខាង​ក្រោយ​ (backend) និង​ខាង​មុខ​ (frontend) ក្នុង​គោលបំណង​បង្ហាញព័ត៌មាន​គ្រប់​បែប​យ៉ាង​ (content-focused websites) ដល់​អ្នក​ចូល​ទស្សនា​ទាំងឡាយ​។ ជាក់ស្តែង យើង​អាច​ប្រើប្រាស់កញ្ចប់ Astro.js ក្នុង​ការបង្កើត​គេហទំព័រសារព័ត៌មាន គេហទំព័រ​ទាក់ទាញ​រក​ទីផ្សារ គេហទំព័រ​ផ្ទុក​ឯកសារ​សំខាន់​ៗ គេហទំព័រ​ប្លក់ គេហទំព័រ​បង្ហាញ​សមត្ថភាព​ផ្ទាល់​ខ្លួន និង​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាដើម​។ 

 

ជារួម កញ្ចប់ Astro.js ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្តោតសំខាន់​ទៅ​លើ​ការបង្កើត​គេហទំព័រ​ទាំងឡាយ​ណា ដែល​ពោរពេញ​ទៅ​ដោយ​ព័ត៌​មានត្រូវ​បង្ហាញ​នៅ​លើប្រព័ន្ធ Internet ខុស​ពី​កញ្ចប់​មួយ​ចំនួន​ទៀតដែល​ផ្តោត​សំខាន់​ទៅ​លើ​ការបង្កើត​កម្មវិធី​គេហទំព័រ​​។

 

លក្ខណៈ​ដ៏​សំខាន់​មួយទៀត​នៃ​កញ្ចប់ Astro.js គឺ​ដំណើរ​ការ​របស់​វា​ផ្តោ​ត​សំខាន់​នៅ​លើ​បណ្តាញ (server-side) ជាជាង​នៅ​​លើ browser របស់​អ្នក​ប្រើប្រាស់ (client-side) ពោល​គឺ​អ្វី​ៗ​ត្រូវ​បង្កើត​ឡើង​នៅ​លើ​បណ្តាញ​ជាមុន​សិន បើ​អាច​ធ្វើ​ទៅ​បាន មុន​នឹង​ត្រូវ​បញ្ជូន​មក​អោយ browser របស់​អ្នក​ប្រើប្រាស់​។ គោលការណ៍​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​អស់​ជា​ច្រើនទសវត្សមកហើយ ដោយ​កម្មវិធី​ PHP, WordPress, Laravel, និង Ruby on Rail ជាដើម​។ ក៏ប៉ុន្តែ សំរាប់​កញ្ចប់ Astro.js យើង​មិនចាំបាច់​រៀន​ភាសាសរសេរ​កម្មវិធី​ណា​ផ្សេង​ទៀត​ឡើយ ព្រោះ​កញ្ចប់​នេះ​នៅ​តែ​ប្រើប្រាស់ភាសា HTML, CSS, និង JavaScript ក្នុង​ការសរសេរ​កម្មវិធី​បង្កើត​គេហទំព័រ​ទាំងមូល​​ទាំង​ខាង​មុខ​និង​ខាង​ក្រោយ​។

 

យោង​តាម​អ្នក​ឯកទេស Astro.js គេហទំព័រ​បង្កើត​ឡើង​ដោយ​កញ្ចប់ Astro.js អាច​ដំណើរការ​បាន 40%​ លឿន​ជាង​គេហទំព័រ​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កញ្ចប់ React.js ។ មួយវិញទៀត ដោយ​ហេតុ​ថា​កញ្ចប់ Astro.js ប្រើប្រាស់ភាសា HTML, CSS, JavaScript ជា​គោល ដូចនេះ​យើង​អាច​រៀន​រហ័ស​ចេះ បើ​សិន​ជា​យើង​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ពី​ភាសា​ទាំងនេះ​។​​ លើស​ពី​នេះ​ទៀត​នោះ Astro.js ក៏​​អនុញ្ញាតិ​អោយ​យើង​អាច​ប្រើប្រាស់​កញ្ចប់​មួយ​ចំនួន​ទៀតផង​ដែរជាមួយ​នឹង​កញ្ជប់ Astro.js នេះ​ នៅ​ក្នុង​ការធ្វើ​អោយ​ផ្នែក​ខាង​មុខនៃ​គេហទំព័រ មាន​លក្ខណៈ​រស់​រវើក អាស្រ័យ​ទៅ​តាម​បំណង​ប្រាថ្នា​របស់​យើង​។ កញ្ចប់​ទាំងនោះ​មាន​ដូច​ជា React, Preact, Svelte, Vue, Solid, Lit ជាដើម​។ 

 

រឿង​ដែល​សំខាន់​មួយទៀត​នោះ​ គឺ​ថា​បើ​សិន​ជា​យើង​ប្រើប្រាស់​កញ្ចប់ Astro.js ក្នុង​ការបង្កើត​គេហទំព័រ​ផ្សេង​ៗ គេហទំព័រ​របស់​យើង យ៉ាង​ហោចណាស់​​នឹង​អាច​យក​ទៅ​ដាក់​នៅលើ​គេហទំព័រ​ផ្តល់សេវា​ជា​ច្រើន​ ដូច​មាន​នៅ​ក្នុង​រូប​ខាង​ក្រោម​នេះ៖