នៅ​ក្នុង​កម្មវិធី​គេហទំព័រ ផ្លូវ​ចូល​ទៅ​កាន់​ឯកសារ​ផ្សេងៗ ត្រូវ​កំណត់​ទុក​ជាមុន​រួច​ជា​ស្រេច។ ដោយឡែក នៅ​ក្នុង​កម្មវិធី Astro.js ការកំណត់​ផ្លូវ​ទាំងឡាយ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុងថត src/pages ដែល​ជា​ចំនុច​ចាប់ផ្តើម​​នៃ​ផ្លូវមាន​អាស័យដ្ឋាន​ជា “/” តំណាង​អោយ​ទំព័រ​ដើម​នៃ​កម្មវិធី​គេហទំព័រ​របស់​យើងទាំងមូល​​។ បើ​សិន​ជា​នៅ​ក្នុង​ថត src/pages មាន​ឯកសារ​មួយ​មាន​ឈ្មោះ​ថា index.astro កូដ​នៅ​ក្នុង​ឯកសារ​នេះ​នឹង​ត្រូវ​ដំណើរការ​ជា​ស្វ័យប្រវត្តិនិង​បង្ហាញ​លទ្ធផល​នៅ​លើ​ browser ។ 

 

នៅ​ក្នុង​កំព្យូទ័រ​របស់​យើង អាស័យដ្ឋាន​ដែល​ជា​ទំព័រដើម​នៃ​កម្មវិធី Astro.js នៅ​លើ browser គឺ http://localhost:4321 ត្រូវ​នឹង​ផ្លូវ​ដែល​មាន​អាស័យដ្ឋាន “/" ដែល​ជា​ថត src/pages នៅ​ក្នុង​​កម្មវិធី Astro.js ។ ដូចនេះ បើ​សិន​ជា​យើង​សរសេរ​ថា http://localhost:4321​ នៅ​លើ browser បាន​ន័យ​ថា យើង​ចង់​ចូល​ទៅ​កាន់​ទំព័រ​ដើម​នៃ​កម្មវិធី Astro.js ដែល​មាន​អាស័យដ្ឋាន​ជា “/” ត្រូវ​នឹង​ថត src/pages ដែល​នឹង​ធ្វើ​អោយ​កូដ​នៅ​ក្នុង​​ឯកសារ index.astro ត្រូវ​ដំណើរការ​ជា​ស្វ័យប្រវត្តិ​និង​បង្ហាញលទ្ធផល​នៅ​លើ​ browser ។

 

មួយវិញទៀត បើ​សិន​ជា​យើង​បង្កើត​ឯកសារ​មួយ​មាន​ឈ្មោះ​ថា about.astro នៅ​ក្នុងថត src/pages នាំ​អោយ​ផ្លូវ​ចូល​ទៅកាន់​ឯកសារ​នោះ​នៅ​លើ browser គឺ http://localhost:4321/about ​​​​​​​​​​​​​​ត្រូវនឹង​ផ្លូវ​ដែល​មាន​អាស័យដ្ឋាន​ជា “/about” នៅ​ក្នុង​កម្មវិធី Astro.js ។ ដូចនេះ​ ឈ្មោះ​របស់​ឯកសារ​និង​ទីតាំង​របស់​វា​នៅ​ក្នុង​ថត src/pages មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការកំណត់ផ្លូវ​នៅ​ក្នុង​កម្មវិធី Astro.js ទាំងមូល។ 

 

<!--src/pages/about.astro-->
ស្វាគមន៍​មក​កាន់​ទំព័រ about.astro

 

ក៏ប៉ុន្តែ​ចំពោះ​ឯកសារមាន​ឈ្មោះ​ថា index.astro គឺ​ជា​ឯកសារ​ពិសេសនៅ​ក្នុង​ថត​និមួយ​ៗ ដែល​កូដ​នៅ​ក្នុង​នោះ​នឹង​ដំណើរការ​ជា​ស្វ័យប្រវត្តិ​នៅ​ពេលដែល​អ្នក​អាន​ចូល​​ទៅ​តាម​ផ្លូវ​ទៅ​កាន់​ថត​ទាំងនោះ​។ 

 

ជារួម ផ្លូវ​ចូល​ទៅកាន់ឯកសារ​និមួយ​ៗ នឹង​ធ្វើ​អោយ​កូដ​នៅ​ក្នុង​ឯកសារនោះ​ដំណើរការ​និង​បង្កាញ​លទ្ធផល​នៅ​លើ​ browser ហើយ​ឯកសារ index.astro ជា​ឯកសារ​ពិសេស​ដែល​កូដ​នៅ​ក្នុង​នោះ​នឹង​ដំណើរការ​នៅ​ពេល​ដែលគេ​​ចូល​ទៅ​កាន់​ថត​ដែល​មាន​វា​នៅ​ក្នុង​នោះ​។ ជាក់ស្តែង យើង​អាច​បង្កើត​ថត​មួយ​មាន​ឈ្មោះ​ថា admin នៅ​ក្នុង​ថត src/pages ហើយនៅ​ក្នុង​ថត admin នេះ​ យើង​បង្កើត​ឯកសារ​មួយ​មាន​ឈ្មោះ​ថា index.astro និង​សរសេរ​កូដ​នៅ​ក្នុង​ឯកសារ​នេះ​ដូច​ខាង​ក្រោម​៖

 

<!--src/pages/admin/index.astro-->
ស្វាគមន៍​មក​កាន់​ថត admin

 

នៅ​ពេល​ដែល​យើង​ចូល​ទៅ​កាន់​ថត admin ដោយ​សរសេរ​ថា http://localhost:4321/amin នៅ​លើ browser កូដ​នៅ​ក្នុង​ឯកសារ index.astro នឹង​ដំណើរការ​ ដែល​នាំ​អោយ​ពាក្យ​ថា “ស្វាគមន៍​​​​​​​​មកកាន់ថត admin” នឹង​សរសេរ​បង្ហាញ​នៅ​លើ browser ។

 

ក៏ប៉ុន្តែ បើ​សិន​ជា​យើង​បង្កើត​ឯកសារ​មួយទៀតនៅ​ក្នង​ថត admin មាន​ឈ្មោះ​ជា​ឧទាហរណ៍​ថា post.astro នាំអោយ​​ផ្លូវ​ចូល​ទៅ​កាន់​ឯកសារ​នេះ​នៅ​លើ browser គឺ http://localhost:4321/admin/post ត្រូវ​នឹង​អាស័យដ្ឋាន “/admin/post” នៅ​ក្នុង​កម្មវិធី Astro.js ។

 

<!--src/pages/admin/post.astro-->
​​​​​ស្វាគមន៍មក​កាន់​ទំព័រ post.astro

 

ក្រោយ​ពី​ផ្លូវ​ទាំងឡាយ​ត្រូវ​បាន​បង្កើត​រួចហើយ តាម​រយៈ​ឈ្មោះ​របស់​ឯកសារ​ផ្សេង​ៗ​​និង​ទីតាំង​របស់​វា​នៅ​ក្នុង​ថត src/pages យើង​អាច​ប្រើប្រាស់​ធាតុ HTML “a” ក្នុង​ការបង្កើត​តំណរ​ភ្ជាប់​ទៅ​កាន់​ឯកសារ​ទាំងនោះ​បាន។

 

<!--src/pages/index.astro-->
---

---

<html lang="en">
	<head>
		<meta charset="utf-8" />
		<link rel="icon" type="image/svg+xml" href="/favicon.svg" />
		<meta name="viewport" content="width=device-width" />
		<meta name="generator" content={Astro.generator} />
		<title>Astro</title>
	</head>
	<body>
		<a href="/admin">តំណរ​ភ្ជាប់​ទៅ​កាន់​ថត admin</a>
		<br/>
		<a href="/admin/post">តំណរ​ភ្ជាប់​ទៅ​កាន់​ទំព័រ post.astro</a>
	</body>
</html>