នៅក្នុងយន្តការនៃការបង្កើតគេហទំព័រ មានរបៀបបីយ៉ាងដែលយើងត្រូវជ្រើសរើសយកមកប្រើអាស្រ័យទៅតាមកាលទេសខុសៗគ្នា។ របៀបទាំងនោះគឺ static site generation (SSG), server-side rendering (SSR), client-side rendering (CSR), ។ របៀបនិមួយៗមានគុណសម្បត្តិនិងគុណវិបត្តិខុសៗគ្នា ដែលទាមទារអោយយើងចាំបាច់ត្រូវស្គាល់វាអោយបានច្បាស់ ដើម្បីអាចប្រើប្រាស់របៀបទាំងនោះអោយចំគោលដៅ ក្នុងគោលបំណងទាញយកផលចំណេញអោយបានច្រើនបំផុតបើអាចធ្វើទៅបាន។
Static site generation (SSG)
SSG គឺជារបៀបបង្កើតទំព័រទាំងអស់នៃគេហទំព័រទុកជាមុនរូចជាស្រេច ដោយខ្លួនយើងផ្ទាល់ ឬដោយគេហទំព័រផ្តល់សេវាណាមួយ (web hosting service) ។ ទំព័រទាំងនោះត្រូវបង្កើតឡើងដោយប្រើប្រាស់បញ្ជា build ដែលយើងនឹងសិក្សាពីបញ្ជានេះនៅពេលខាងមុខនេះ។ ជាលទ្ធផល នៅពេលដែលអ្នកអានចូលមើលគេហទំព័ររបស់យើង ដោយចុចទាមទារចង់អានទំព័រណាមួយ ទំព័រនោះដែលត្រូវបង្កើតទុកមុនរួចជាស្រេច នឹងត្រូវបញ្ជូលទៅកាន់ browser របស់អ្នកចូលអាន។ ដូចនេះ គេហទំព័រផ្តល់សេវាដែលគេនិយមហៅថា server គ្មានធ្វើអ្វីក្រៅតែពីការបញ្ជូនទំព័របង្កើតទុកមុនរួចជាស្រេចទាំងនោះទៅអោយអ្នកចូលអានឡើយ។
របៀប SSG នេះត្រូវបានគេនិយមយកទៅប្រើប្រាស់ក្នុងការបង្កើតគេហទំព័រផ្ទុកឯកសារនិងគេហទំព័រប្លក់ ដែលប្រើប្រាស់ទិន្នន័យកំរនឹងត្រូវផ្លាស់ប្តូរ។
អត្ថប្រយោជន៍នៃការប្រើប្រាស់របៀប SSG នេះ គឺវាធ្វើអោយគេហទំព័រដើរលឿនរហ័ស ពីព្រោះទំព័រនិមួយត្រូវបានបង្កើតឡើងមុនរួចជាស្រេច ដែលធ្វើអោយអ្នកចូលអានទទួលបានទំព័រទាំងនោះបានយ៉ាងទាន់ចិត្ត។
មួយវិញទៀត ដោយហេតុថាទំព័រនិមួយៗត្រូវបានបង្កើតឡើងរួចជាស្រេច ហើយទំព័រទាំងនោះនឹងមិនត្រូវបានកែប្រែក្រោមហេតុផលណាមួយឡើយ ដូចនេះសុវត្ថិភាពសំរាប់ទំព័រទាំងនោះត្រូវបានលើកស្ទួយក្នុងកំរឹតមួយខ្ពស់ ទប់ទល់នឹងជនខិលខូចមួយចំនួន ដែលមានបំណងចង់កែប្រែទិន្នន័យនៅក្នុងទំព័រទាំងនោះដោយមធ្យោបាយជាយថាហេតុណាមួយ។
ចំណុចសំខាន់មួយទៀត គឺថាគេហទំព័រផ្តល់សេវាឬ server មិនសូវជាធ្វើការច្រើននោះទេ ក្នុងការផ្តល់ទំព័រទាំងនោះអោយដល់អ្នកចូលអាន។ ជាលទ្ធផល ការចំណាយទៅលើសេវាបំរើរបស់ server នឹងត្រូវកាត់បន្ថយ។
ចំណែកឯគុណវិបត្តិនៃការប្រើប្រាស់របៀប SSG វិញ គឺវាត្រូវការពេលវេលាយូរបន្តិចក្នុងការបង្កើតទំព័រទាំងអស់នៅពេល build ហើយបើគេហទំព័ររបស់យើងត្រូវការទំព័រកាន់តែច្រើន ពេលវេលានឹងកាន់តែយូរក្នុងការបង្កើតទំព័រទាំងនោះ។ លើសពីនេះទៀត ក្នុងករណីយើងចង់បន្ថែមទំព័រថ្មី ឬដោះដូរទិន្នន័យរបស់ទំព័រណាមួយ យើងចាំបាច់ត្រូវបង្កើតទំព័រទាំងអស់សារជាថ្មីឡើងវិញ (rebuild)។
Server-side rendering (SSR)
SSR គឺជារបៀបបង្កើតទំព័រផ្សេងៗនៅលើ server ដោយអនុលោមទៅតាមកម្មវិធីរបស់យើងសំរាប់ទំព័រទាំងនោះ។ ជាក់ស្តែង បណ្តាទំព័រទាំងឡាយមិនត្រូវបានបង្កើតឡើងទុកជាមុនឡើយ ពោលគឺទំព័រណាមួយនឹងត្រូវបង្កើតឡើងភ្លាមៗនៅលើ sever អាស្រ័យទៅតាមការទាមទាររបស់អ្នកចូលអាន។ ដូចនេះ server ត្រូវបំរើសេវាបង្កើតទំព័រផង និងសេវាបញ្ចូនទំព័រទៅអោយអានផង។
ការបង្កើតទំព័រតាមរបៀប SSR នេះត្រូវបានអនុវត្តដោយកម្មវិធីជាច្រើនតាំងពីរាប់ទសវត្សមកហើយ ដូចជាកម្មវិធី WordPress, Django, Ruby on Rail ជាដើម។
ជាទូទៅ របៀប SSR នេះត្រូវយកទៅប្រើប្រាស់ជាមួយនឹងមូលដ្ឋានទិន្នន័យ ហើយនៅពេលបង្កើតទំព័រប្រភេទណាមួយ server តែងតែដកស្រង់យកទិន្នន័យពីក្នុងមូលដ្ឋានទិន្នន័យ មករៀបរៀងបង្កើតទំព័រនោះឡើង យោងទៅតាមកម្មវិធីដែលត្រូវបានតាក់តែងឡើងសំរាប់ទំព័រនោះ។
គុណសម្បត្តិនៃការប្រើប្រាស់របៀប SSR គឺវាផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរទិន្នន័យនៅក្នុងទំព័រទាំងឡាយ ពីព្រោះបើយើងកែប្រែទិន្នន័យនៅក្នុងទំព័រណាមួយ ទិន្នន័យថ្មីនោះនឹងលេចចេញនៅក្នុងទំព័រនោះភ្លាមៗ។ មូលហេតុនេះគឺបណ្តាលមកពី server នឹងស្រង់យកទិន្នន័យដែលត្រូវបានកែប្រែនោះ មកបង្កើតជាទំព័រដែលអ្នកអានទាមទារ។ ហើយការស្រង់យកទិន្នន័យដដែលនេះ នឹងត្រូវធ្វើឡើងរាល់លើកដែលអ្នកអានទាមទារទំព័រទាក់ទងនឹងទិន្នន័យនោះ។
ក៏ប៉ុន្តែ កត្តាខាងលើនេះវាក៏ផ្តល់នូវផលអវិជ្ជមានផងដែរ ពីព្រោះវានឹងធ្វើអោយ server ធ្វើការច្រើនលើកច្រើនសារក្នុងការស្រង់យកទិន្នន័យមកបង្កើតជាទំព័រដែលអ្នកអានទាមទារ ទោះជាការទាមទារនោះធ្វើឡើងចំពោះទំព័រដដែលៗយ៉ាងណាក៏ដោយ។
Client-side rendering (CSR)
CSR គឺជារបៀបបង្កើតទំព័រផ្សេងៗនៅក្នុង browser របស់អ្នកអាន។ បានន័យថា នៅពេលដែលអ្នកអានទាមទារទំព័រណាមួយ server នឹងបញ្ជូនកូដចាំបាច់សំរាប់បង្កើតទំព័រនោះទៅកាន់ browser របស់អ្នកអាន ហើយទំព័រនោះនឹងត្រូវបង្កើតឡើងនៅក្នុង browser នោះ។ ក្នុងករណីដែលទំព័រនោះត្រូវការនូវទិន្នន័យចាំបាច់ផ្សេងៗទៀត browser នឹងស្នើរសុំទៅ server ម្តងទៀត អោយស្រង់យកទិន្នន័យទាំងនោះផ្តល់អោយទៅទំព័រ។
គុណសម្បត្តិនៃការប្រើប្រាស់របៀប CSR គឺវាជួយបន្ធូរបន្ទុករបស់ server ក្នុងការបង្កើតទំព័រសំរាប់អ្នកអាន ពីព្រោះទំព័រទាំងឡាយនឹងត្រូវបង្កើតឡើងដោយ browser របស់អ្នកអានផ្ទាល់តែម្តង ហើយដែលនឹងត្រូវប្រើប្រាស់គ្រឿងម៉ាស៊ីននៅក្នុងកំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកអាន។
មួយវិញទៀត របៀប CSR ត្រូវគេយកទៅប្រើប្រាស់ក្នុងការបង្កើតកម្មវិធីគេហទំព័រមានតែមួយទំព័រ (Single Page Application or SPA) ដែលធ្វើអោយកម្មវិធីនេះមានលក្ខណៈដូចគ្នាទៅនឹងកម្មវិធីសំរាប់ desktop ទាំងឡាយ។
ក៏ប៉ុន្តែ របៀប CSR នេះមិនបានជួយសំរួលដល់កម្មវិធីស្វែងរកទាំងឡាយឡើយ (search engine) ព្រោះកម្មវិធីទាំងនោះចាំបាច់ត្រូវត្រួតពិនិត្យព័ត៌មានមាននៅក្នុងទំព័រផ្សេងៗ នៅពេលដែលទំព័រទាំងនោះត្រូវបញ្ជូនចេញពី server ។ ហើយដោយហេតុថា ការប្រើប្រាស់របៀប CSR នឹងធ្វើអោយទំព័រទាំងឡាយត្រូវបង្កើតឡើងនៅក្នុង browser ដូចនេះ ទំព័រទាំងនោះនឹងមិនអាចត្រូវត្រួតពិនិត្យដោយកម្មវិធីស្វែងរកឡើយ។
ផ្ទុយមកវិញ របៀប SSR និង SSG ជួយសំរួលជាច្រើនដល់កម្មវិធីស្វែងរក (SEO) ពីព្រោះតាមរយៈរបៀបទាំងពីរនេះ ទំព័រទាំងឡាយត្រូវបានបង្កើតឡើងរួចជាស្រេចនៅលើ server មុននឹងត្រូវបញ្ជូនទៅកាន់ browser ។ ដូចនេះ កម្មវិធីស្វែងរកអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យព័ត៌មានដែលមាននៅក្នុងទំព័រទាំងនោះ។
ជាទូទៅ ការបំរើសេវារបស់ server ត្រូវកំណត់នៅក្នុងកំរឹតណាមួយ ឬត្រូវគិតលុយទៅតាមការបំរើសេវារបស់វា។ បើកម្មវិធីគេហទំព័ររបស់យើងតំរូវអោយ server បំរើសេវាកាន់តែច្រើន យើងក៏ត្រូវចំណាយប្រាក់កាន់ច្រើនក្នុងការបង់សេវារបស់ server ដែរ។ ដូចនេះ យើងចាំបាច់ត្រូវជ្រើសរើសយករបៀបឬគំរូបង្កើតទំព័រយ៉ាងសមស្រប ដើម្បីជៀសវាងការចំណាយប្រាក់ឥតប្រយោជន៍។ របៀប SSG ជាគំរូដ៏ល្អក្នុងការបង្កើតទំព័រដែលជួយសំរួលដល់កម្មវិធីស្វែងរក (SEO) និងធ្វើគេហទំព័រដើរលឿន និងជួយកាត់បន្ថយការចំណាយទៅលើសេវារបស់ server បានយ៉ាងច្រើន៕