នៅពេលសរសេរកម្មវិធីគេហទំព័រ យើងតែងតែធ្វើការសាកល្បងពិសោធន៍មើលថា តើផ្នែកណាមួយនៃកម្មវិធីរបស់យើងអាចដំណើរការទៅដោយរលូនដូចដែលអ្វីយើងចង់បានដែរឬទេ បើសិនជាវាមិនដំណើរការទេ ឬដំណើរការទៅមិនរលូន យើងតែងតែរកមើលបញ្ហាដែលបង្ករអោយមានរឿងវ៉ាវមិនល្អទាំងនោះ។ ដើម្បីជាជំនួយក្នុងការសាកល្បងដំណើរការនៃកម្មវិធីគេហទំព័រ មានកម្មវិធីជាច្រើនត្រូវបានបង្កើតឡើងមានដូចជាកម្មវិធី Jest, Vitest, Mocha, Jasmine, Cypress, និង Playwright ជាដើម។
នៅក្នុងចំណោមកម្មវិធីទាំងនោះ Cypress អនុញ្ញាតិអោយយើងអាចធ្វើការសាកល្បងដំណើរការកម្មវិធីគេហទំព័របានច្រើនរបៀប ដូចជារបៀបសាកល្បងដំណើរការផ្នែកតូចៗនៃកម្មវិធីគេហទំព័ (Unit Test) របៀបសាកល្បងដំណើរការទំព័រនិមួយៗនៃកម្មវិធីគេហទំព័រ (End-to-End Test) និងរបៀបសាកល្បងដំណើរការសមាសភាគនិមួយៗ (Component Test) ។
ជាបន្តទៅទៀតនេះ យើងនឹងជ្រើសរើសយក Cypress មកធ្វើជាកម្មវិធីសាកល្បងដំណើរការកម្មវិធីគេហទំព័ររបស់យើង តាមរបៀប Unit Test។ យើងអាចទាញយកនឹងតំលើងកម្មវិធី Cypress នៅក្នុងកំព្យូទ័ររបស់យើងដោយសរសេរកូដនៅលើបង្អួច Terminal ដូចខាងក្រោមនេះ៖
npm install -D cypress
បន្ទាប់មកទៀត យើងត្រូវបង្កើតឯកសារមួយមានឈ្មោះថា cypress.config.js នៅក្នុងថតដើមនៃគំរោងនៃកម្មវិធីគេហទំព័ររបស់យើង ហើយនៅក្នុងឯកសារនោះ យើងត្រូវសរសេរដូចខាងក្រោមនេះ៖
// cypress.config.js
import { defineConfig } from 'cypress'
export default defineConfig({
e2e: {
supportFile: false
}
})
ឥឡូវនេះយើងអាចចាប់ផ្តើមសរសេរកូដជាភាសា JavaScript ដ៏ខ្លីមួយ ធ្វើជាឧទាហរណ៍សំរាប់ដំណើរការសាកល្បង Unit Test ជាមួយនឹងកម្មវិធី Cypress ។
// src/scripts/sum.js
export function sum(a, b) {
return a + b
}
// cypress/e2e/sum.cy.js
import { sum } from '../../src/scripts/sum.js'
it('can add numbers', function () {
expect(sum(1, 2)).to.eq(3)
})
បើយើងសរសេរនៅលើបង្អួច Terminal ថា៖
npx cypress open
browser នៃកម្មវិធី Cypress នឹងបើកឡើង អនុញ្ញាតិអោយយើងអាចជ្រើសរើសយក E2E Testing និង Google Chrome សំរាប់ដំណើការកម្មវិធីសាកល្បងរបស់យើង។ យើងអាចសាកល្បងដំណើរការកូនកម្មវិធីនៅក្នុងឯកសារ sum.js នេះបាន ដោយចុចជ្រើសរើសយកឯកសារ sum.cy.js ។ ជាលទ្ធផល កម្មវិធី Cypress បានបង្ហាញលទ្ធផលប្រាប់យើងថាការសាកល្បងបានប្រព្រឹត្តទៅដោយជោគជ័យ៕