នៅ​ក្នុង​ភាសា Python ក្រៅ​ពី​វត្ថុ​ដែល​យើង​បាន​ឃើញ​កន្លង​មក នៅ​មាន​វត្ថុ​ជា​ច្រើន​ប្រភេទ​ទៀត ដែល​អាច​ត្រូវ​បង្កើត​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​តំរូវការ​នៃ​ការដោះស្រាយ​បញ្ហា​ផ្សេង​ៗ។

 

ចំនួនគត់ (integer) គឺ​ជា​លេខ​ទាំងឡាយណា​ដែល​ជា​លេខ​គ្មាន​ក្បៀស​។ ដូចនេះ ការបង្កើត​វត្ថុ​នៅ​ក្នុង​កម្មវិធី​កន្លង​មក គឺ​ជា​ការបង្កើត​វត្ថុ​ដែល​មាន​ប្រភេទ​ជា​ចំនួនគត់ ពីព្រោះ​វត្ថុ​ទាំងនោះ គឺ​ជា​លេខ​គ្មានក្បៀស​។ យើង​គួរ​រំលឹក​ឡើង​ថា ចំនួនគត់​អាច​ត្រូវ​បង្កើត​ឡើង ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

width = 200
height = 300

print(width)
print(height)

 

ក្រោយ​ពី​ចំនួនគត់​ផ្សេង​ៗ​ត្រូវ​បាន​បង្កើត​ឡើង​​រូច​មក យើង​អាច​យក​វត្ថុ​ទាំងនោះ មក​ធ្វើ​ប្រមាណ​វិធីមួយ​ចំនួន ក្នុង​គោលបំណង​បង្កើត​វត្ថុ​ថ្មី​ៗ​ទៀត ដែល​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​យើង ក្នុងការដោះស្រាយ​បញ្ហា​។

 

នៅ​ក្នុង​ភាសា Python ប្រមាណវិធី​នព្វន្ត (arithmetic operation) គឺ​ជា​ប្រមាណវិធី​ទាំងឡាយណា ដែល​នៅ​ក្នុង​នោះ មាន​ការប្រើប្រាស់​ប្រមាណសញ្ញា (operator) +, -, *, /, //, %, ** ។

 

យើង​អាច​យក​លេខ​ផ្សេង​ៗ​មក​ធ្វើ​ប្រមាណវិធី​នព្វន្ត​ដូច​ខាងក្រោម​នេះ៖

 

width = 200
height = 300

print(width + height)
print(width - height)
print(width * height)
print(width / height)
print(width // height)
print(width % height)
print(width ** height)

 

យ៉ាង​ណាម៉ិញ នៅ​ក្នុង​ភាសា Python ការធ្វើ​ប្រមាណ​វិធី​ផ្សេង​ៗ​មិន​ទាមទារ​អោយ​មាន​សញ្ញា​ស្មើ (=) ដើម្បី​បញ្ជាក់​លទ្ធផល​បាន​មក​ពី​ការធ្វើ​ប្រមាណ​វិធី​នោះ​ទេ យើង​គ្រាន់​តែ​សរសេរ expression យើង​នឹង​បាន​លទ្ធផល​ជា​វត្ថុ​ណាមួយ ជា​ស្វ័យប្រវត្តិ​។ យើង​គួរ​រំលឹក​ឡើង​វិញ​ថា សញ្ញា​ស្មើ​នៅ​ក្នុង​ភាសា Python ត្រូវ​ប្រើប្រាស់​សំរាប់​តែ​ភ្ជាប់​ឈ្មោះ​ទៅ​នឹង​វត្ថុ​តែ​ប៉ុណ្ណោះ​។

 

មួយវិញទៀត ដែល​ហៅ​ថា expression គឺ​គ្រប់​ការសរសេរ​ទាំងឡាយណា ដែល​នាំ​អោយ​បាន​លទ្ធផល​ជា​វត្ថុ​អ្វី​មួយ​។ ជាក់ស្តែង ការសរសេរ​ថា width + height នាំ​អោយ​បាន​លទ្ធផល​ជា​ចំនួនគត់​មួយ​ផ្សេង​ទៀត ដូចនេះ​ការសរសេរ​របៀប​នេះ ត្រូវ​ហៅ​ថា​ជា expression ព្រោះ​វា​នាំ​អោយ​បាន​លទ្ធផល​ជា​វត្ថុ​ថ្មី​មួយ​ទៀត​។

 

ក្រៅ​ពីការ​យក​ចំនូន​គត់​ពីរ​មក​ធ្វើ​ប្រមាណវិធី យើង​អាច​យក​ចំនួនគត់​មាន​ចំនួន​ប៉ុន្មាន​ក៏​បាន​ដែរ យក​មក​ធ្វើ​ប្រមាណវិធី​ចំរុះ​គ្នា ដើម្បី​អោយ​បាន​លទ្ធផល​ជា​វត្ថុ​ដែល​យើង​ត្រូវការ​។ ក្នុង​ករណី​នេះ យើង​មាន expression មួយ​ដែល​មាន​ប្រមាណ​សញ្ញា​ជា​ច្រើន​នៅ​ក្នុង​នោះ​។ ហើយ​បើ​សិន​ជា​ប្រមាណ​សញ្ញា​ទាំងនោះ ជា​ប្រមាណសញ្ញា​ខុស​ៗ​គ្នា ប្រមាណ​វិធី​ត្រូវ​ធ្វើ​ឡើង ដោយ​អនុលោម​ទៅ​តាម​អាទិភាពនៃ​ប្រមាណ​សញ្ញា​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

width = 200
height = 300
depth = 150

print(width + height * depth)

 

នៅ​ក្នុង​កម្មវិធី​ខាង​លើ​នេះ មាន​ការធ្វើ​ប្រមាណ​វិធី​ចំនួន​ពីរ គឺ​ប្រមាណវិធី​បូក និង​ប្រមាណវិធី​គុន​។ អាស្រ័យ​ទៅ​តាម​ក្បួនខ្នាត​នៅ​ក្នុង​ភាសា Python ប្រមាណវិធី​ត្រូវ​ធ្វើ​ឡើង ដោយ​គោរព​ទៅ​តាម​អាទិភាព​របស់ operator ។ ពោល​គឺ​ប្រមាណវិធី​គុន ត្រូវ​ធ្វើ​ឡើង​មុន​ប្រមាណវិធី​បូក​។

 

អាទិភាព​នៃ operator នៅក្នុង expression មិន​មែន​ជា​រឿង​ដែល​យើង​មិន​ដែល​ជួប​ប្រទះ​នោះ​ទេ យើង​បាន​ដឹង​តាំងតែ​ពី​នៅ​វិទ្យាល័យ​មក​ម្លេះ​ថា នៅ​ក្នុង​កន្សោម​ពីជគណិត សញ្ញាលេខ​គុន មាន​អាទិភាព​ជាង​សញ្ញា​លេខ​បូក​។ ម៉្យាងទៀត នៅ​ក្នុង​កន្សោម​ពីជគណិត បើ​សិន​ណា​ជា​យើង​ចង់​ផ្តល់​អាទីភាព​អោយ​ទៅ​ប្រមាណ​វិធី​ណាមួយ យើង​ត្រូវ​ប្រើ​សញ្ញា​រង្វង់​ក្រចក នៅ​អម​សង​ខាង​ប្រមាណ​វិធី​នោះ​។ ដូចគ្នា​ដែរ នៅ​ក្នុង​ភាសា Python បើ​សិន​ជា​យើង​ចង់​ផ្តល់​អាទិភាព​អោយ​ទៅ​ប្រមាណវិធី​ណា​មួយ យើង​ក៏​ត្រូវ​ប្រើ​សញ្ញា​រង្វង់​ក្រចក នៅ​អម​សងខាង​ប្រមាណវិធី​នោះ​ដែរ​។ ពិនិត្យ​កម្មវិធី​ខាងក្រោម​នេះ៖

 

width = 200
height = 300
depth = 150

print((width + height) * depth)

 

មួយវិញទៀត យើង​សង្កេត​ឃើញ​ថា គ្រប់ការយក​ចំនួនគត់​ផ្សេង​ៗ​មក​ធ្វើប្រមាណវិធី គឺ​ជា​ការបង្កើត​វត្ថុ​ថ្មី​ផ្សេង​ទៀត វត្ថុ​ដើម​ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ប្រមាណវិធី មិន​ត្រូវ​បាន​កែប្រែ​ឬ​បាត់បង់​ឡើយ​៕