នៅក្នុងភាសា Python, tuple គឺជាវត្ថុម៉្យាងដែលអាចត្រូវប្រៀបប្រដូចទៅនឹងកំរងបើកមួយ ដែលនៅក្នុងមានវត្ថុផ្សេងៗទៀតជាច្រើន តំរៀបជួរគ្នាតាមលេខរៀងចាប់ពី 0 ឡើងទៅ បើរាប់ពីដើមកំរងឡើងទៅ និងមានលេខរៀង -1 ចុះមក បើរាប់ពីចុងកំរងចុះមកវិញ។ ដើម្បីបង្កើតកំរង tuple យើងត្រូវធ្វើដូចខាងក្រោមនេះ៖
mytuple = (999, 324.33, "Python", True)
print(mytuple)
វត្ថុនៅក្នុងកំរង tuple គឺជា element របស់កំរង tuple ។ element ទាំងនោះអាចជាវត្ថុមានប្រភេទតែមួយ ឬជាវត្ថុមានប្រភេទខុសគ្នា។ ប្រការនេះធ្វើអោយកំរង tuple ខុសពី string ដែលជាឃ្លាប្រយោគទាំងឡាយ ពីព្រោះឃ្លាប្រយោគក៏ជាកំរងបើកមួយដែរ។ ក៏ប៉ុន្តែ នៅក្នុង string មាន element តែមួយប្រភេទប៉ុណ្ណោះ គឺជាតួអក្សរ។
មួយវិញទៀត កំរង tuple អាចត្រូវបង្កើតឡើង ដោយមិនចាំបាច់មានសញ្ញារង្វង់ក្រចកនៅអមសងខាងក៏បានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
mytuple = 999, 324.33, "Python", True
print(mytuple)
កំរង tuple អាចមាន element មានចំនួនមិនកំណត់ ពោលគឺចាប់សូន្យរហូតដល់អនន្ត។ ក៏ប៉ុន្តែ ដើម្បីបង្កើតកំរង tuple មាន element តែមួយ យើងចាំបាច់ត្រូវប្រើប្រាស់សញ្ញាក្បៀស ដូចខាងក្រោមនេះ៖
mytuple = (1000,)
myinteger = (1000)
print(mytuple)
print(myinteger)
ដូចនេះយើងឃើញថា បើយើងមិនប្រើសញ្ញាក្បៀសទេ គ្រប់ការសាកល្បងបង្កើតកំរង tuple មាន element តែមួយ គឹជាការបង្កើតវត្ថុទោលទៅវិញទេ។ ម៉្យាងទៀត នៅក្នុងកម្មវិធីផ្សេងៗ យើងអាចដឹងថាវត្ថុណាមួយជាកំរង tuple មាន element តែមួយ ឬជាវត្ថុទោល គឺដោយសារតែកំរង tuple មាន element តែមួយ មានសញ្ញាក្បៀសនៅជិតនោះ។
យ៉ាងណាម៉ិញ យើងអាចយកកំរង tuple ផ្សេងៗមកធ្វើប្រមាណវិធី concatenation operation ដូចខាងក្រោមនេះ៖
tuple1 = (100, 1.5, "sale", True)
tuple2 = (200, 3.14, False)
print(tuple1 + tuple2)
យើងក៏អាចយកកំរង tuple ផ្សេងៗមកធ្វើប្រមាណវិធី repetition operation បានដូចខាងក្រោមនេះដែរ៖
tuple1 = (100, 1.5, "sale", True)
print(tuple1 * 3)
កំរង tuple ក៏អាចត្រូវយកទៅធ្វើប្រមាណវិធី logical operation បានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
mytuple = (100, 1.5, "sale", True)
empty_tuple = ()
print(mytuple and empty_tuple)
print(mytuple or empty_tuple)
print(not mytuple)
print(not empty_tuple)
ជាលទ្ធផល យើងសង្កេតឃើញថា នៅក្នុងការធ្វើប្រមាណវិធី logical operation កំរង tuple ទទេ សមមូលនឹង False ។
លើសពីនេះទៀត យើងក៏អាចយកកំរង tuple ផ្សេងៗមកធ្វើប្រមាណវិធីប្រៀបធៀបបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
tuple1 = (100, 1.5, "sale", True)
tuple2 = (200, 0.35, 20, 73)
print(tuple1 == tuple2)
print(tuple1 != tuple2)
print(tuple1 > tuple2)
print(tuple1 < tuple2)
print(tuple1 >= tuple2)
print(tuple1 <= tuple2)
ប្រមាណវិធីប្រៀបធៀបរវាងកំរង tuple ផ្សេងៗ គឺជាប្រមាណវិធីប្រៀបធៀបតាមរបៀបវចនានុក្រម។ បានន័យថា elementនៅខាងឆ្វេងគេបង្អស់នៃកំរង tuple និមួយៗ ត្រូវបានយកមកប្រៀបធៀបគ្នា ហើយបើ element ណាធំឬតូចជាងគេ កំរង tuple ដែលមាន element នោះ ត្រូវចាត់ទុកថា ជាកំរង tuple ដែលធំឬតូចជាងគេ។ តែបើ element ទាំងនោះស្មើគ្នាវិញ element បន្ទាប់មកទៀតនឹងត្រូវយកមកប្រៀបធៀប។ ហើយបើ element ទាំងអស់ស្មើគ្នា កំរង tuple ទាំងនោះត្រូវចាត់ទុកថា ជាកំរង tuple ដូចគ្នា។
យើងអាចយកកំរង tuple ផ្សេងៗ មកធ្វើប្រមាណវិធី membership operation ដូចខាងក្រោមនេះ៖
mytuple = (200, 0.35, 20, 73)
sale = 73
print(sale in mytuple)
print(sale not in mytuple)
យើងអាចយកកំរង tuple ទាំងឡាយ មកធ្វើប្រមាណវិធី indentification operation ដូចខាងក្រោមនេះ៖
tuple1 = (200, 0.35, 20, 73)
tuple2 = (100, 1.5, 400, 3.14)
print(tuple1 is tuple2)
print(tuple1 is not tuple2)
ចំណែកឯការធ្វើប្រមាណវិធី indexing operation ជាមួយកំរង tuple វិញ អាចត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
mytuple = (200, 0.35, 20, 73)
print(mytuple[2])
យើងអាចយកកំរង tuple ទាំងឡាយមកធ្វើប្រមាណវិធី slicing operation ដូចខាងក្រោមនេះ៖
mytuple = (100, 10.5, "profit", True, 200, "sale", False)
print(mytuple[1:7])
print(mytuple[1:])
print(mytuple[:7])
print(mytuple[:])
print(mytuple[1:7:2])