យើង​បាន​ដឹង​រួច​ហើយ​ថា ការបង្កើត function គឺ​ជា​ការកត់ត្រាទុក​នូវ statement មួយ​ចំនួន​នៅ​កន្លែង​ណាមួយ នៅ​ក្នុង​សតិ​របស់​ឧបករណ៍​អេឡិចត្រូនិក ហើយ statement ទាំងនោះ​មិន​ទាន់​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ឡើយ​។ ដើម្បី​អោយ​ block នៃ statement នៅ​ក្នុង function ត្រូវ​យក​ទៅ​អនុវត្ត យើង​ត្រូវ​ធ្វើ​ដូច​ខាងក្រោម​នេះ៖

 

def get_profit():
    sale = 1000
    buy = 900
    profit = sale - buy
    print(profit)
 
get_profit()

 

ដូចនេះ យើង​ឃើញ​ថា ដើម្បី​អោយ block នៃ statement ដែល​ជា function body ត្រូវ​យក​ទៅ​អនុវត្ត យើង​ចាំបាច់​ត្រូវ​តែ​ call function នោះ ដោយ​ធ្វើ​ដូច​លើ​នេះ​។ យ៉ាងណាម៉ិញ calling a function ក៏​ដូច​ជា​ការយក​ statement ធម្មតា​ផ្សេង​ៗ​ទៀត​មក​ប្រើ​ដែរ ពោល​គឺ​វា​ក៏​ជា statement មួយ​តំរូវ​អោយ​អនុវត្ត block នៃ statement ដែល​ជា function body នោះ តាំង​ពី​ដើម​ដល់​ចប់​ដែរ​។

 

យើង​ឃើញ​ថា ការបង្កើត function គឺ​ជា​ការកត់ត្រា​ទុក​នូវ block នៃ statement ដែល​ជា​ function body នៅ​កន្លែង​ណាមួយ​នៅ​ក្នុង​សតិ​របស់​ឧបករណ៍​អេឡិចត្រូនិក​។ ហើយ​ដើម្បី​អោយ​ block នៃ statement ទាំងនោះ​ត្រូវ​យក​ទៅ​អនុវត្ត យើង​ត្រូវ call function នោះ​។

 

យ៉ាងណាម៉ិញ calling a function អាច​ត្រូវ​ធ្វើ​ឡើង​ចំនួន​ប៉ុន្មាន​ដង​ក៏​បាន​ដែរ ហើយ​គ្រប់​ការ call function ណា​មួយ​ជា​ច្រើន​ដង នឹង​បណ្តាល​អោយ block នៃ statement ដែល​ជា function body ត្រូវ​យក​ទៅ​អនុវត្ត​សារ​ជា​ថ្មី​ឡើង​វិញ​ជា​ដដែល​ៗ​។

 

def get_profit():
    sale = 1000
    buy = 900
    profit = sale - buy
    print(profit)
 
get_profit()
get_profit()
get_profit()

 

ក្នុង​ករណី function មួយ​មាន​ឈ្មោះ​ជា​ច្រើន function នោះ​អាច​ត្រូវ call តាម​រយឈ្មោះ​ណា​ក៏​បាន​ដែរ​។

 

def get_profit():
    sale = 1000
    buy = 900
    profit = sale - buy
    print(profit)
 
total = fee = get_profit
 
total()
fee()
get_profit()

 

ដោយ​ calling a function ក៏​ជា​ statement មួយ ដូច​ជា​ statement ដទៃ​ទៀត​ដែរ ដូចនេះ​យើង​អាច call function មួយ​ឬ​ច្រើន​នៅ​ក្នុង function ណា​មួយ​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។

 

def get_profit():
    sale = 1000
    buy = 900
    profit = sale - buy
    print(profit)
 
def display_profit():
    print('The total profit is below:')
    get_profit()
 
display_profit()

 

ប្រការ​ដ៏​សំខាន់​មួយ​ទៀត​នោះ​គឺ​ថា statement ទាំងអស់​នៅ​ក្នុង function ត្រូវ​យក​ទៅ​អនុវត្ត​តែ​នៅ​ពេល​ណា​ដែល​ function ត្រូវបាន call តែ​ប៉ុណ្ណោះ​។ ដូចនេះ យើង​អាច​យក​វត្ថុ​ផ្សេង​ៗ ដែល​មិន​ទាន់​ត្រូវ​បាន​បង្កើត មក​ប្រើ​ជា statement នៅ​ក្នុង function ណា​មួយ​បាន​ មុន​ពេល​ function នោះ​ត្រូវ​បាន​ call ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

def display_profit():
    print('The total profit is below:')
    get_profit()
 
def get_profit():
    profit = sale - buy
    print(profit)
 
sale = 1000
buy = 900
display_profit()

 

សរុប​មក នៅ​ពេល​បង្កើត function យើង​អាច​យក​វត្ថុ​ផ្សេង​ៗ ដែល​មិន​ទាន់​ត្រូវ​បាន​បង្កើត​មក​ប្រើប្រាស់​នៅ​ក្នុង function បាន តែ​នៅ​ពេល​ដែល function ត្រូវ​បាន call ចាំបាច់​វត្ថុ​ទាំងនោះ​ត្រូវ​តែ​ត្រូវ​បាន​បង្កើត​ឡើង បើ​ពុំ​នោះ​សោត​ទេ កំហុស​នឹង​កើត​មាន​ឡើង​៕