Boolean គឺ​ជា​វត្ថុ​ពីរ​យ៉ាង​គឺ True និង False ។ ដើម្បី​បង្កើត​វត្ថុ​មាន​ប្រភេទ​ជា Boolean យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

on = True
off = False
print(on)
print(off)

 

ជាទូទៅ Boolean មាន​ប្រយោជន៍​នៅ​ក្នុង​ការធ្វើ​ប្រមាណវិធី​មួយ​ចំនួន មាន​ដូចជា​ប្រមាណវិធី logical operation ​ជាដើម​។ លើស​ពី​នេះ​ទៀត Boolean អាច​ជា​វត្ថុ​ដែល​ជា​លទ្ធផល​បាន​មក​ពី​ការធ្វើ​ប្រមាណវិធី​មួយ​ចំនួន​ទៀត ដែល​យើង​នឹង​បាន​ឃើញ​នៅ​ពេល​ខាង​មុខ​នេះ​។

 

នៅ​ក្នុង​ភាសា Python ដែល​ហៅ​ថា logical operation គឺ​ជា​ប្រមាណវិធី​ទាំងឡាយ​ណា ដែល​នៅ​ក្នុង​នោះ​មាន​ការប្រើប្រាស់ operator and, or, not ។

 

យើង​អាច​យក Boolean ផ្សេង​ៗ​មក​ធ្វើ​ប្រមាណវិធី logical operation ដូច​ខាង​ក្រោម​នេះ៖

 

on = True
off = False
print(on and off)
print(on or off)
print(not on)
print(not off)

 

នៅ​ក្នុង​ការធ្វើ​ប្រមាណវិធី logical operation ដោយ​ប្រើប្រាស់​ operator and បើ operand នៅ​ខាង​ឆ្វេង​ជា True លទ្ធផល​ជា operand នៅ​ខាង​ស្តាំ​។ ផ្ទុយ​មក​វិញ បើ operand នៅ​ខាង​ឆ្វេង​ជា False លទ្ធផល​គឺ​ជា operand នោះ​តែ​ម្តង​។

 

មួយវិញទៀត នៅ​ក្នុង​ការធ្វើ​ប្រមាណវិធី logical operation ដោយ​ប្រើប្រាស់ operator or បើ operand នៅ​ខាង​ឆ្វេង​ជា True លទ្ធផល​គឺ​ជា operand នោះតែម្តង​។ ផ្ទុយ​មកវិញ បើ operand នៅ​ខាង​ឆ្វេង​ជា False លទ្ធផល​ជា​ operand នៅ​ខាង​ស្តាំ​។

 

ចំណែក​ឯ​ការធ្វើ​ប្រមាណវិធី logical operation ដោយ​ប្រើប្រាស់ operator not វិញ បើ operand ជា True លទ្ធផល​គឺ False ។ ផ្ទុយ​មកវិញ បើ operand ជា False លទ្ធផល​គឺ​ជា True ។

 

យ៉ាងណាម៉ិញ យើង​ក៏​អាច​យក​លេខ​ផ្សេង​ៗ​មក​ធ្វើ​ប្រមាណ​វិធី logical operation បាន​ដែរ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

width = 176
height = 0.0
print(width and height)
print(width or height)
print(not width)
print(not height)

 

នៅ​ក្នុង​ការធ្វើ​ប្រមាណវិធី logical operation ជាមួយ​នឹង​លេខ​ទាំងឡាយ លេខ 0 សមមូល​នឹង False ហើយ​លេខ​ខុស​ពី 0 សមមូល​នឹង True។

 

នៅ​ក្នុង​ភាសា Python ដែល​ហៅ​ថា​ប្រមាណវិធី​ប្រៀបធៀប (comparison operation) គឺ​ជា​ប្រមាណវិធី​ទាំងឡាយ​ណា ដែល​នៅ​ក្នុង​នោះ​មាន​ការប្រើប្រាស់ operator ==, !=, >, <, >=, <= ក្នុង​គោលបំណង​យក​វត្ថុ​ផ្សេង​ៗ​មក​ប្រៀបធៀប​គ្នា​។ លទ្ធផល​បាន​មក​ពី​ប្រមាណវិធី​នេះ គឺ​ជា Boolean ។

 

យើង​អាច​យក​លេខ​ផ្សេង​ៗ មក​ធ្វើ​ប្រមាណវិធី​ប្រៀបធៀប​ដូច​ខាង​ក្រោម​នេះ៖

 

width = 176
height = 23.31
print(width == height)
print(width != height)
print(width > height)
print(width < height)
print(width >= height)
print(width <= height)

 

មួយវិញទៀត នៅ​ក្នុង​ភាសា Python ដែល​ហៅ​ថា ប្រមាណវិធី identification operation គឺ​ជា​ប្រមាណវិធី​ទាំងឡាយ​ណា ដែល​នៅ​ក្នុង​នោះ​មាន​ការប្រើប្រាស់ operator is និង is not ដើម្បី​យក​វត្ថុ​ពីរ​មក​ពិនិត្យ​មើល​ថា តើ​វា​ជា​វត្ថុ​តែ​មួយ​មែន​ដែរ​ឬទេ​។ លទ្ធផល​បាន​មក​ពី​ប្រមាណវិធី​នេះ គឺ​ជា Boolean ។

 

យើង​អាច​វត្ថុ​ផ្សេង​ៗ​មក​ធ្វើ​ប្រមាណវិធី identification operation ដូច​ខាង​ក្រោម​នេះ៖

 

width = 176
height = 23.31
depth = width
print(width is height)
print(width is depth)
print(width is not height)