while គឺ​ជា​ statement តំរូវ​អោយ​អនុវត្ត block នៃ statement នៅ​ក្នុង​នោះ សារចុះ​សារឡើង​គ្មាន​ឈប់ ដរាបណា​ expression មួយ​នៅ​តែ​ផ្តល់​លទ្ធផល​ជា True ឬ​សមមូល​នឹង​ True ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

a = 0
 
while a < 10:
    print(a + 1, 'execution')
    print('a is the number', a)
    a += 1

 

នៅ​ពេល​ដែល​កម្មវិធី​ខាង​លើ​នេះ ចាប់​ផ្តើម​ដំណើរការ វត្ថុ​ឈ្មោះ a គឺ​ជា​លេខ 0 ។ ដូចនេះ expression a < 10 ផ្តល់​លទ្ធផល​ជា True ដែល​ជា​ប្រការ​ធ្វើ​អោយ​ block នៃ statement នៅ​ក្នុង statement while ត្រូវ​យក​ទៅ​អនុវត្ត​ជា​លើក​ទី ១ ។ ប្រការ​នេះ​ធ្វើ​អោយ ឃ្លា​ប្រយោគ​ចំនួន​ពីរ ត្រូវ​បាន​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ ហើយ​វត្ថុ​ឈ្មោះ a កើន​តំលៃ​ធំ​ជាង​មុន 1 ។ ក្រោយ​ពី block នៅ​ក្នុង statement while ត្រូវ​បាន​យក​ទៅ​អនុវត្ត​បាន​ចប់​សព្វគ្រប់​ហើយ expression a < 10 ត្រូវ​យក​មក​ធ្វើ​ការគណា​ជា​ថ្មី​ម្តងទៀត ហើយ​បើ expression នោះ​នៅ​តែ​ផ្តល់​លទ្ធផល​ជា True, block នៃ statement នៅ​ក្នុង statement while ត្រូវ​យក​ទៅ​អនុវត្ត​ជា​ថ្មី​ម្តង​ទៀត​។ ទង្វើ​របៀប​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ដដែល​ៗ រហូត​ដល់​ expression a < 10 លែង​ផ្តល់​លទ្ធផល​ជា True គឺ​នៅ​ពេល​ដែល​វត្ថុ​ឈ្មោះ a ក្លាយ​ទៅ​ជា​លេខ 10 ។ ដូចនេះ នៅ​ពេល​ដែល block នៃ statement នៅ​ក្នុង statement while ត្រូវ​យក​ទៅ​អនុវត្ត​ចំនួន 10 ដង វត្ថុ​ឈ្មោះ a ក្លាយ​ទៅ​ជា​លេខ 10 ពីព្រោះ​រាល់​លើក​ដែល​ statement a += 1 ត្រូវ​យក​ទៅ​អនុវត្ត វត្ថុ​ឈ្មោះ a ក្លាយ​ទៅ​ជា​លេខ​ធំ​ជាង​មុន 1 រហូត​។ ហើយ​នៅ​ពេល​ដែល​វត្ថុ​ឈ្មោះ a ក្លាយ​ទៅ​ជា​លេខ 10 expression a < 10 ផ្តល់​លទ្ធផល​ជា False ដែល​ជា​ប្រការ​ធ្វើ​អោយ​ការអនុវត្ត block នៃ statement នៅ​ក្នុង statement while ត្រូវ​បញ្ចប់​។

 

សរុបមក ដើម្បី​អោយ​ការអនុវត្ត​ block នៃ statement នៅ​ក្នុង statement while អាច​ត្រូវ​បញ្ចប់​បាន លុះត្រាណា​តែ​ expression នៅ​ជាប់​នឹង​ statement while លែង​ផ្តល់​លទ្ធផល​ជា True ឬ​សមមូល​នឹង​ True នៅ​ពេល​ណា​មួយ បើ​ពុំនោះសោតទេ ការអនុវត្ត​ block នៃ statement នៅ​ក្នុង​ statement while នឹង​ប្រព្រឹត្ត​ជាប់​រហូត​ ដែល​ហៅ​ថា infinite loop ៕